តូក្យូ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ថា ការវាយប្រហាររបស់សត្វខ្លាឃ្មុំនៅទូទាំងប្រទេសជប៉ុន បានកើនឡើងដល់កម្រិតខ្ពស់រួចទៅហើយ គិតចាប់តាំងពីការរក្សាកំណត់ត្រាដែលបានចាប់ផ្តើមក្នុងឆ្នាំសារពើពន្ធ២០០៦ដែលជាឆ្នាំដ៏អាក្រក់បំផុតសម្រាប់ការវាយប្រហាររបស់ខ្លាឃ្មុំនៅក្នុងប្រទេសនេះ ។
ក្រសួងបរិស្ថានបានឲ្យដឹងថា មានការវាយប្រហាររបស់ខ្លាឃ្មុំចំនួន១៩៣លើកនៅទូទាំងប្រទេសក្នុងរយៈពេល៨ខែចាប់តាំងពីខែមេសា ដែលជាការចាប់ផ្តើមនៃឆ្នាំសារពើពន្ធរបស់ប្រទេសជប៉ុន ដែលបានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសចំនួន ២១២នាក់ ក្នុងនោះមានមនុស្សចំនួន៦នាក់បានស្លាប់ ។
ក្រសួងខាងលើបានឲ្យដឹងថា ចំនួនសរុបរហូតមកដល់ពេលនេះលើសពីកំណត់ត្រាមុននៃ១៥៨ លើកដែលបានកត់ត្រានៅក្នុងសារពើពន្ធ២០២០ ។
ចំនួន៧០ភាគរយនៃការវាយប្រហារបានកើតឡើងនៅភាគឦសាននៃប្រទេសជប៉ុន ក្នុងនោះរួមទាំង៧០លើកនៅខេត្ត Akita និងចំនួន៤៥លើកនៅខេត្ត Iwate ។
មនុស្សចំនួន៣០នាក់ត្រូវបានវាយប្រហារដោយសត្វខ្លាឃ្មុំនៅក្នុងខែវិច្ឆិកាដែលជាចំនួនខ្ពស់បំផុតទី២សម្រាប់កំណត់ត្រាប្រចាំខែ ។
គួរបញ្ជាក់ថា ជាធម្មតាសត្វខ្លាឃ្មុំចូលទៅសម្ងំខ្លួន នៅក្នុងតំបន់ព្រៃជ្រៅនាសិសិររដូវចាប់ពីចុង ខែវិច្ឆិកាដល់ខែធ្នូ ប៉ុន្តែមន្ត្រីក្រសួងបានព្រមានថា អាចមានការវាយប្រហារបន្ថែមទៀតកើតឡើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា