ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន សម្តែង ការខឹងសម្បារចំពោះការសម្រេចចិត្តរបស់ IOC អនុញ្ញាតឲ្យអត្តពលិករុស្ស៊ី ប្រកួតក្រោមទង់អព្យាក្រឹត

រូបភាពពី៖​ RT News

អ៊ុយក្រែន៖ លោក Matvey Bedny រដ្ឋមន្ត្រីស្តីទីក្រសួងយុវជន និងកីឡា បានប្រកាសកាលពីចុងសប្តាហ៍ឲ្យដឹងថា ប្រទេសអ៊ុយក្រែន គ្រោងនឹងវាយតម្លៃថា តើការចូលរួមក្នុងកីឡាអូឡាំពិកទីក្រុងប៉ារីស ២០២៤ គឺជាផលប្រយោជន៍របស់ប្រទេសនេះឬអត់ ហើយអាចមានសក្តានុពលធ្វើពហិការមិនចូលរួមការប្រកួតនេះ យោងតាមការចេញផ្សាយពីគេហទំព័រ RT។

សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានសម្រេចកាលពីថ្ងៃសុក្រ ដើម្បីអនុញ្ញាតឲ្យអត្តពលិករុស្ស៊ី និងបេឡារុស្ស ចូលរួមប្រកួតក្នុងហ្គេមក្រោមទង់អព្យាក្រឹត កក្នុងនោះទីក្រុងគៀវបានចាត់ទុកការសម្រេចចិត្តនេះថា គ្មានការទទួលខុសត្រូវ។

ថ្លែងតាមទូរទស្សន៍ Rada TV លោក Bedny បានបញ្ជាក់ថា ក្រុងកៀវនឹងចូលរួមប្រកួតកីឡាអូឡាំពិកបានតែប្រសិនបើខ្លួនជឿថា ការធ្វើដូច្នេះនឹងលើកកម្ពស់ជំហររបស់យើងក្នុងពិភពលោក ។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើ IOC បន្តជំហរមិនស្ថាបនារបស់ខ្លួនដែលអនុញ្ញាតឲ្យអត្តពលិករុស្ស៊ីចូលរួមការប្រកួតនោះ ក្រុងកៀវនឹងមើលឃើញការចូលរួមរបស់ខ្លួនថា មិនអាចទៅរួចទេ” ។

លោក Bedny បាននិយាយថា នេះមិនមែនគ្រាន់តែជាកីឡានោះទេ វាគឺជាសំណួរ នៃគោលនយោបាយការបរទេស ដោយសង្កត់ធ្ងន់ថា យើងត្រូវតែរក្សាក្បាលត្រជាក់ និងធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង ។ ក្រុងគៀវមិនទាន់បានប្រកាសជាផ្លូវការនូវការសម្រេចចិត្តណាមួយក្នុងការធ្វើពហិការការប្រកួតកីឡាប៉ារីសឆ្នាំ ២០២៤ ប៉ុន្តែលោក Bedny បានបញ្ជាក់ថា សេចក្តីប្រកាសមួយនឹងត្រូវបានធ្វើឡើងបន្ទាប់ពីការពិគ្រោះយោបល់ត្រូវបានធ្វើឡើងជាមួយសហគមន៍កីឡាអ៊ុយក្រែន និងការដឹកនាំនយោបាយរបស់ប្រទេស។

សេចក្តីប្រកាសផ្លូវការរបស់ខ្លួនថា ជនជាតិរុស្សី និងបេឡារុស្សនឹងត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងការប្រកួតនាពេលខាងមុខជាអត្តពលិកអព្យាក្រឹត IOC ក៏បានដាក់ចេញនូវលក្ខខណ្ឌមួយចំនួនដែលពួកគេនឹងត្រូវបំពេញ។ ពួកគេរាប់បញ្ចូលទាំងការហាមប្រាមក្នុងការប្រកួតកីឡាជាក្រុម ការបង្ហាញការគាំទ្រប្រភេទណាមួយសម្រាប់ប្រតិបត្តិការយោធារបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ឬជាផ្នែកមួយនៃអង្គការយោធា ឬសន្តិសុខណាមួយ។ អត្តពលិកក៏នឹងត្រូវតម្រូវឲ្យបំពេញតាមបទប្បញ្ញត្តិប្រឆាំងសាតធាតុហាមឃាត់ក្នុងកីឡាដែលបង្កើតឡើងដោយសហព័ន្ធអន្តរជាតិផងដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top