ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តី​ថៃ បារម្ភខ្លាច​ក្រុមហ៊ុន រថយន្តជប៉ុន តាមមិនទាន់​ក្រុមហ៊ុនចិន

នាយករដ្ឋមន្រ្តីថៃ លោក ស្រេតថា ថាវីវីស៊ីន បានបង្ហាញ​ក្តីបារម្ភ​ថា ក្រុមហ៊ុន​រថយន្ត​ជប៉ុន អាច​នឹងតាមមិនទាន់​ក្រុមហ៊ុនចិន ក្នុងការផលិត​រថយន្ត​អគ្គិសនី នៅក្នុងប្រទេសថៃ ។

លោក​បានថ្លែង​កាលពីពេលថ្មីៗនេះថា លោក​សូមអរគុណ ​ចំពោះ​ក្រុមហ៊ុន​ជប៉ុន ដែល​ជួយ​ដល់​ចំណូល​របស់​ប្រទេសថៃ​ ក្នុងរយៈពេល ៥០ឆ្នាំ​មកនេះ។ ប៉ុន្តែ​ក្នុងសម័យកាល​រថយន្តអគ្គិសនីនេះ ក្រុមហ៊ុនជប៉ុនហាក់ដូចជាដើរយឺត​ក្នុងការផលិត​រថយន្ត​ប្រភេទ​នេះ​ដែល​ត្រូវតែបង្កើនល្បឿន ខណៈដែល​ក្រុមហ៊ុនចិន បាន​នឹង​កំពុង​ដុតដៃដុតជើង​ផលិត​យ៉ាងសម្បើម។

យ៉ាងណាក៏ដោយ លោកស្រេតថា បញ្ជាក់​ថា រដ្ឋាភិបាល​របស់លោក​នឹង​ជួប​ជាមួយ​ក្រុមហ៊ុនជប៉ុនធំៗ​ ដើម្បី​រកលទ្ធភាព​លើកទឹកចិត្តផ្នែកពន្ធ ប្រសិន​បើ​ពួកគេ​មាន​បំណង​ផលិត​រថយន្តអគ្គិសនី​ក្នុងប្រទេសថៃ។

គួរដឹងថា នាយករដ្ឋមន្រ្តីរូបនេះ ចាប់តាំងពីចូលកាន់តំណែងមក បាន​ជំរុញ​ខ្លាំង​ទៅលើការប្រើប្រាស់រថយន្តអគ្គិសនី និងព្យាយាម​ទាក់ទាញវិនិយោគ​លើ​ឧស្សាហកម្មនេះទៀតផង ជាពិសេស​ក្រុមហ៊ុន Tesla។ កាលពីខែមុន លោក ស្រេតថា បាន​បញ្ជា​ឱ្យគ្រប់​ក្រសួង​ស្ថាប័ននានា​ ទិញ​រថយន្ត​អគ្គិសនី​ប្រើប្រាស់ ដើម្បី​ជំនួស​រថយន្តចាស់ៗ ហើយ​បង្កើត​ស្ថានីយសាកភ្លើង​ឱ្យកាន់តែច្រើន​នៅទូទាំង​ប្រទេស។ ជាមួយគ្នានេះ គ្រប់​សេវាដឹកជញ្ជូនសាធារណៈ ដូចជា រថយន្តក្រុង តាកស៊ី និងតុក-តុក ក៏​នឹង​ត្រូវប្រើអគ្គិសនី​ផងដែរ។

ក្នុងឆ្នាំ២០២៣នេះ ការប្រើប្រាស់​រថយន្តអគ្គិសនី​នៅក្នុងប្រទេសថៃ នឹង​ឈានដល់ ៨,៧% នៃ​គ្រប់​រថយន្ត​ទាំងអស់​ ពោលគឺ​កើនឡើង​ពី ៣,៨% ក្នុងឆ្នាំ​២០២២៕

Most Popular

To Top