ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់រុស្ស៊ី គ្រោង នឹងធ្វើវិនិយោគដ៏ ធំនៅអាហ្វ្រិក

រូបភាពពី៖​ AFP

រុស្ស៊ី៖ សារព័ត៌មាន Apanews បានរាយការណ៍កាលពីថ្ងៃពុធថា សេវាកម្មជិះឡានក្រុង Yango គ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យារុស្ស៊ី Yandex បានប្រកាសពីការវិនិយោគយ៉ាងច្រើននៅកូតឌីវ័រ (Cote d’Ivoire) ដែលមានចំនួនទឹកប្រាក់រាប់រយលានដុល្លារអាមេរិក យោងតាមការចេញផ្សាយពីគេហទំព័រ RT។

ក្រុមហ៊ុននឹងវិនិយោគជាង ៣០០ លានដុល្លារក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុនបុត្រសម្ព័ន្ធ Ivorian របស់ខ្លួន ខណៈខ្លួនគ្រោងនឹងចាប់ផ្តើមសេវាកម្មឌីជីថលបន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើងដើម្បីឲ្យសហគ្រិនអាចអភិវឌ្ឍអាជីវកម្មរបស់ពួកគេ ហើយត្រូវបានគេរំពឹងថានឹងបង្កើតការងារសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកផងដែរ។

នេះបើតាមការចេញផ្សាយថា វេទិកាឌីជីថលនឹងផ្តល់ឲ្យអ្នកបើកបរនូវឱកាសចំណូលថ្មី ខណៈការ ធានានូវការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងងាយស្រួលសម្រាប់អ្នកដំណើររាប់ពាន់នាក់នៅទូទាំងប្រទេស។ លោក Kadotien Soro អ្នកគ្រប់គ្រងក្រុមហ៊ុននៅប្រទេសកូតឌីវ័របាននិយាយថា ជំនឿរបស់យើងលើបច្ចេកវិទ្យាជាកម្លាំងកណ្តាលសម្រាប់អនាគតរបស់ទ្វីបអាហ្រ្វិកនៅតែរឹងមាំ ដោយបន្ថែមថា អ្នកជំនាញផ្នែកបច្ចេកវិទ្យារុស្ស៊ីកំពុងវិនិយោគឥតឈប់ឈរក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មតាមរយៈការជឿនលឿនផ្នែកបច្ចេកវិទ្យា។

នេះបើតាមការចេញផ្សាយបានកត់សម្គាល់ថា ក្នុងរយៈពេល ៥ ឆ្នាំដែល Yango បានដំណើរការនៅក្នុងប្រទេសកូតឌីវ័រ វាបានក្លាយជាសេវាកម្មចែកចាយរថយន្តឈានមុខគេរបស់ប្រទេសនេះ។ កាលពីដើមឆ្នាំនេះ ជាផ្នែកមួយនៃការពង្រីកបច្ចេកវិទ្យារបស់ខ្លួន វាបានបើកដំណើរការវេទិកាសេវាកម្ម Yango Education មានបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងចំណោមយុវជន។

ក្រុមហ៊ុនក៏គ្រោងនឹងដាក់ដំណើរការផលិតផលបច្ចេកវិជ្ជាបន្ថែម ដូចជាសេវាកម្មដឹកជញ្ជូនទំនិញ វេទិកា Fintech និង FoodTec ជាដើម៕ ដោយ៖លី ភីលីព

Most Popular

To Top