ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ប្រទេសរុស្ស៊ី មិនមានចំណាប់អារម្មណ៍ក្នុងការធ្វើសង្រ្គាមជាមួយប្រទេសណាតូ នោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងបទសម្ភាសន៍ជាមួយ ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយ លោក ពូទីន បានច្រានចោលការអះអាងដែលថា រុស្ស៊ីអាចវាយប្រហារអង្គការណាតូថា “មិនសមហេតុផល និងជារូបភាពនៃការនិយាយ”។
លោកបានលើកឡើងថា ទីក្រុងមូស្គូ និងបណ្ដាប្រទេសណាតូ “មិនមានការទាមទារទឹកដីប្រឆាំងនឹងគ្នាទៅវិញទៅមកនោះទេ” ដោយសង្កត់ធ្ងន់ថា រុស្ស៊ី មិនស្វែងរកទំនាក់ទំនងជូរចត់ ជាមួយប្រទេសណាតូនោះទេ។ លោកបានបន្ថែមថា ផ្ទុយទៅវិញ រុស្ស៊ីចាប់អារម្មណ៍ក្នុងការអភិវឌ្ឍន៍ ទំនាក់ទំនងជាមួយប្រទេសទាំងនេះ។
ដោយរិះគន់គម្រោងរបស់ប្រទេស លោកខាងលិចមួយចំនួន ក្នុងការចាប់ផ្តើមបដិវត្តន៍ពណ៌ ក្នុងប្រទេសរបស់លោក លោកពូទីន បានលើកឡើងថា វានឹងមិនដំណើរការនៅក្នុងប្រទេសរុស្ស៊ី ដែលជារដ្ឋសេរី ឯករាជ្យ និងអធិបតេយ្យភាពឡើយ ។
ចំពោះទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ី លោក ពូទីន បានបញ្ជាក់ថា “ពួកគេនឹងត្រូវស្វែងរកចំណុចរួមជាមួយយើង ព្រោះវានឹងត្រូវគិតគូរដល់ពួកយើង”៕
ប្រែសម្រួល ឈូក បូរ៉ា