ព័ត៌មានអន្តរជាតិ

តុលាការអូស្ត្រាលី ពិន័យក្រុមហ៊ុន Airbnb ចំពោះការបំភ័ន អតិថិជន ជនជាតិអូស្ត្រាលី រាប់ពាន់នាក់

អូស្ត្រាលី ៖ ក្រុមហ៊ុនផ្តល់កន្លែងស្នាក់នៅ តាមអ៊ីនធើណេត Airbnb ត្រូវបានពិន័យ ដោយតុលាការអូស្ត្រាលី ១៥ លានដុល្លារអូស្ត្រាលី និងបានបញ្ជាឲ្យបង់ប្រាក់សំណង ចំនួន១៥ លានដុល្លារអូស្រ្តាលីផ្សេងទៀត សម្រាប់ការមិន បញ្ជាក់ឲ្យច្បាស់ថា ការកក់មួយចំនួន មិនមែនជាប្រាក់អូស្រ្តាលី នាំឲ្យអតិថិជនរាប់ពាន់នាក់ ត្រូវបង់ថ្លៃខ្ពស់អស់រយៈ ពេលជាច្រើនឆ្នាំ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។

សេចក្តីសម្រេច របស់តុលាការសហព័ន្ធកាលពីថ្ងៃពុធ ចៅក្រម Shaun McElwaine បាននិយាយថា ក្រុមហ៊ុន Airbnb មិនបានបង្ហាញយ៉ាងច្បាស់ថា តម្លៃគិតជាដុល្លារសហរដ្ឋអាមេរិកទេ លើកលែងតែនៅខាងក្រោមទំព័រ ៣ ដំបូងនៃការកក់ ហើយបន្ទាប់មកកាន់តែលេចធ្លោនៅលើទំព័រទី៤ នៅពេលអ្នកប្រើប្រាស់ បញ្ជាក់ការកក់ ។

យោងតាម McElwaine ថា ក្រុមហ៊ុន Airbnb ទំនងជាទទួលបានអត្ថប្រយោជន៍ ពីអតិថិជនសន្មត់ថាតម្លៃជាប្រាក់ដុល្លារអូស្រ្តាលី ព្រោះវានឹងធ្វើឲ្យកន្លែង ស្នាក់នៅមានតម្លៃថោក ជាងគូប្រជែង ដោយសារអត្រាប្តូរប្រាក់ ។ នៅពេលនោះ ប្រាក់ដុល្លារអូស្រ្តាលីមានតម្លៃប្រហែល ៧២ សេនអាមេរិក មានន័យថា អតិថិជនគិតថា ពួកគេបង់ប្រាក់ ៥០០ ដុល្លារអូស្រ្តាលី សម្រាប់ការកក់មួយនឹងបានបង់ប្រាក់ជិត ៧០០ ដុល្លារអូស្រ្តាលី មុនពេលថ្លៃប្តូររូបិយប័ណ្ណណាមួយ ។

សេចក្តីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មការប្រកួតប្រជែង និងអ្នកប្រើប្រាស់ អូស្ត្រាលី (ACCC) បានយកក្រុមហ៊ុននេះ ទៅតុលាការសហព័ន្ធ កាលពីខែមិថុនាឆ្នាំមុន។ ជាលទ្ធផល ក្រុមហ៊ុន Airbnb ត្រូវបានគេរកឃើញថា បានធ្វើការអះអាងមិនពិត ឬបំភ័ន្តដល់អតិថិជនប្រហែល ៧០,០០០ ចន្លោះខែមករា ឆ្នាំ ២០១៨ និងខែសីហា ឆ្នាំ ២០២១ ៕
ដោយ៖លី ភីលីព

Most Popular

To Top