ហ្គាហ្សា៖ ក្រសួងសុខភាព ដែលមានមូលដ្ឋាន នៅហ្គាហ្សា បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ មួយថា ចំនួនអ្នកស្លាប់ របស់ជនជាតិ ប៉ាឡេស្ទីន ពីការវាយប្រហារ របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ២០,២៥៨នាក់ចាប់ តាំងពីថ្ងៃទី០៧ ខែតុលា ដោយមាន ៥៣,៦៨៨នាក់ផ្សេង ទៀតបានរងរបួស។
ប្រភពបានបន្ថែមថា យ៉ាងហោចណាស់ មានជនជាតិប៉ាឡេស្ទីន ២០១នាក់ ត្រូវបានសម្លាប់ និង ៣៦៨នាក់បានរងរបួស នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែលក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ប្រភពផ្នែកវេជ្ជសាស្រ្ត និងសន្តិសុខ បានប្រាប់ ស៊ីនហួថា មនុស្សយ៉ាងតិច១៨នាក់បានស្លាប់ និងជាច្រើននាក់ទៀត បានរងរបួស កាលពីថ្ងៃសៅរ៍ បន្ទាប់ពីការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល នៅជំរុំជនភៀសខ្លួន al-Bureij កណ្តាលតំបន់ហ្គាហ្សា។
ទន្ទឹមនឹងនោះ ការវាយប្រហារតាមអាកាស មួយទៀត របស់អ៊ីស្រាអែល សំដៅលើជំរុំជនភៀសខ្លួន Jabalia នៅភាគខាងជើងតំបន់ហ្គាហ្សា បានបណ្តាលឲ្យមនុស្ស រាប់សិបនាក់ស្លាប់ និងរបួស។
អ៊ីស្រាអែល បាននិងកំពុងបើកការ វាយលុកទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកនឹងការវាយលុក របស់ក្រុមហាម៉ាស ឆ្លងកាត់ព្រំដែន ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ក្នុងអំឡុងពេល ដែលមនុស្សប្រហែល ១២០០នាក់ បានស្លាប់ និងជាង ២០០នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕
ប្រែសម្រួល ឈូក បូរ៉ា