មូស្គូ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ កាលពីថ្ងៃសុក្រថា ប្រធានក្រុមហ៊ុន ដែលផលិតប្រព័ន្ធរុករក សម្រាប់កម្មវិធី អវកាសរបស់ប្រទេសរុស្ស៊ី ត្រូវបានចាប់ខ្លួននៅទីក្រុងមូស្គូ ហើយត្រូវបានចោទប្រកាន់ ពីបទក្លែងបន្លំដ៏ធំបំផុត យោងតាមការ ចេញផ្សាយពីគេហទំព័រ VOA ។
ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីមន្ត្រីអនុវត្តច្បាប់ មិនស្គាល់អត្តសញ្ញាណម្នាក់ ដែលនិយាយថា លោក Yevgeny Fomichev ត្រូវបានសួរចម្លើយ និងចោទប្រកាន់ពីបទក្លែងបន្លំទ្រង់ទ្រាយធំបំផុត អាចនឹងជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១ លានរូប្លែ ស្មើនឹង១០,៩៧២ ដុល្លារ ។
TASS បាននិយាយថា តុលាការស្រុក Basmanny របស់ទីក្រុងមូស្គូ ដែលតែងតែដោះស្រាយរឿងក្តីខ្ពស់នោះ បានបញ្ជាឲ្យឃុំខ្លួនលោក Fomichev បណ្តោះអាសន្នរហូតដល់ថ្ងៃទី ២១ ខែកុម្ភៈតាមសំណើរបស់គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី ដែលដោះស្រាយ ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ។
គេហទំព័របាននិយាយថា លោក Fomichev ជាប្រធានក្រុមហ៊ុន NPP Geophysics-Cosmos ផលិត ឧបករណ៍តម្រង់ទិសអេឡិចត្រូនិចអុបទិក និងឧបករណ៍រុករកសម្រាប់យានអវកាស ហើយវាបានបន្តថា យានអវកាសរុស្ស៊ីស្ទើរតែទាំងអស់ ប្រើឧបករណ៍របស់វា ។
គេហទំព័រនេះរួមបញ្ចូល ទាំងគោល នយោបាយប្រឆាំង អំពើពុករលួយចំនួន ៩ ទំព័រដែលនិយាយថា ការគ្រប់គ្រងមានតួនាទីសំខាន់ ក្នុងការបង្កើត វប្បធម៌នៃការអត់ឱនចំពោះអំពើពុករលួយ ។ កម្មវិធីអវកាសរបស់រុស្សី បានទទួលរងនូវការធ្លាក់ចុះយ៉ាងខ្លាំង កាលខែសីហា នៅពេលយានអវកាស Luna-25 របស់ខ្លួនបានបុកទៅលើផ្ទៃព្រះច័ន្ទ ខណៈពេលដែលព្យាយាមចុះចតនៅទីនោះ ។
ការស៊ើបអង្កេតមួយបានស្តីបន្ទោស ពីដំណើរការខុសប្រក្រតី នៅក្នុងអង្គភាពគ្រប់គ្រង នៅលើយន្តហោះសម្រាប់ការបរាជ័យ នៃបេសកកម្មព្រះច័ន្ទលើកដំបូង របស់រុស្ស៊ីក្នុងរយៈពេល ៤៧ ឆ្នាំ ៕
ដោយ៖លី ភីលីព