ព័ត៌មានអន្តរជាតិ

ជប៉ុន ទំនងជានឹង បញ្ជូនអវកាសយានិកទី១ ទៅកាន់ឋានព្រះច័ន្ទ ក្រោមគម្រោងដឹកនាំដោយ​អាមេរិក

kyodo

តូក្យូ៖ សហរដ្ឋអាមេរិក និងជប៉ុន កំពុងរៀបចំផែនការចុងក្រោយ ដើម្បីចុះចតអវកាសយានិកជប៉ុន នៅលើផ្ទៃឋានព្រះច័ន្ទ ជាលើកដំបូង ក្រោមកម្មវិធីរុករកព្រះច័ន្ទ ដែលដឹកនាំដោយសហរដ្ឋអាមេរិក នេះបើតាមប្រភពដែលដឹងពីបញ្ហានេះ​។

កម្មវិធី Artemis មានគោលបំណង សម្រេចបាននូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដោយបញ្ជូនអវកាសយានិកអាមេរិក ទៅកាន់ផ្ទៃឋានព្រះច័ន្ទ ជាលើកដំបូងក្នុងរយៈពេលជាងកន្លះសតវត្សត្រឹមឆ្នាំ២០២៥ នៅដើមដំបូងបំផុត ហើយអវកាសយានិកជប៉ុន អាចស្ថិតក្នុងចំណោមអ្នកបន្ទាប់ ដែលចុះចតនៅលើផ្កាយរណប របស់ផែនដី។ ​

ប្រភពបានឲ្យដឹងថា ប្រទេសទាំងពីរ ក៏កំពុងពិភាក្សាផងដែរ អំពីការដាក់អវកាសយានិកជប៉ុនទី២ នៅលើឋានព្រះច័ន្ទ ហើយរំពឹងថា នឹងបញ្ចប់ផែនការមួយ ឱ្យបានឆាប់នៅខែក្រោយ។

អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានឲ្យដឹងថ្មីៗនេះថា សហរដ្ឋអាមេរិក មានបំណងឱ្យមានអវកាសយានិក អន្តរជាតិអមដំណើរអវកាសយានិក អាមេរិកទៅកាន់ផ្ទៃឋានព្រះច័ន្ទត្រឹមឆ្នាំ២០២៩ ទោះបីជាលោកស្រី មិនបានបញ្ជាក់ថា បុគ្គលរបស់ប្រទេសណា ដែល​ត្រូវអាចត្រូវបានជ្រើសរើសក៏ដោយ ។

ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា កាលពីថ្ងៃសុក្រ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនៃទីស្នាក់ការកណ្តាលយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍន៍អវកាសថា ប្រទេសទាំងពីរកំពុងពន្លឿនការពិភាក្សា៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top