ហ្គាហ្សា៖ អ៊ីស្រាអែល បានបន្តការទម្លាក់គ្រាប់បែក កាលពីថ្ងៃអាទិត្យ លើគោលដៅនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ដោយទាំងភាគីប៉ាឡេស្ទីន និងអ៊ីស្រាអែល រាយការណ៍ថា ចំនួនអ្នកស្លាប់កើនឡើងដល់ជាង ២ម៉ឺននាក់ហើយ។
យោធាអ៊ីស្រាអែលបានឲ្យដឹងថា កម្លាំងជើងគោក ជើងអាកាស និងជើងទឹករបស់ខ្លួនបានវាយប្រហារទីតាំងប្រមាណ ២០០ កន្លែងក្នុងតំបន់ហ្កាហ្សាក្នុង មួយថ្ងៃកន្លងមក ។ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ១៦៦ នាក់ត្រូវបានសម្លាប់នៅ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបកើនដល់ ២០,៤២៤ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។
កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា ទាហានអ៊ីស្រាអែល សរុបចំនួន ១៥ នាក់ត្រូវបានបញ្ជាក់ថា ត្រូវបានសម្លាប់នៅក្នុង តំបន់ហ្កាហ្សា កាលពីចុងសប្តាហ៍កន្លងទៅនេះ ដែលនាំឱ្យចំនួនទាហាន អ៊ីស្រាអែល សរុបចំនួន ១៥៤ នាក់ ត្រូវបានសម្លាប់ក្នុង អំឡុងពេលការវាយលុកដី របស់ខ្លួននៅតំបន់ហ្គាហ្សា ដែលត្រូវបានចាប់ផ្តើមនៅក្នុងការសងសឹក ចំពោះការវាយលុករបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី០៧ ខែតុលា ដែលបានធ្វើឲ្យជនជាតិអ៊ីស្រាអែល ប្រហែល ១,២០០ នាក់បានស្លាប់ និងជាង ២០០ នាក់ត្រូវបានចាប់ខ្លួន។
ទោះបីជាបានទទួលស្គាល់ពីការលះបង់ “តម្លៃដ៏ធ្ងន់ធ្ងរ” លើជីវិតរបស់ទាហានក្នុងអំឡុង ពេលការវាយលុករយៈពេល ៧៨ថ្ងៃ ដែលកំពុងបន្តក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា “យើងកំពុងបង្កើនសង្គ្រាម នៅតំបន់ហ្គាហ្សាស្ទ្រីប” ។
លោកបានព្រមានថា សង្គ្រាមនឹងមិនបញ្ចប់ក្នុងពេលឆាប់ៗនេះទេ ដោយបញ្ជាក់ថា វានឹងត្រូវការពេលវេលាយូរថែមទៀត ។ លោក បានរំលឹកឡើងវិញថា ការបញ្ចប់សង្រ្គាម គឺទាក់ទងនឹងពេលដែលក្រុមហាម៉ាស ត្រូវបានកម្ចាត់ ហើយចំណាប់ខ្មាំងនៅតែឃុំខ្លួននៅតំបន់ហ្គាហ្សាត្រូវបានដោះលែង។
ការវាយប្រហារផ្លូវអាកាសក៏ត្រូវបានធ្វើឡើងផងដែរនៅតំបន់ Jabalia និង Sheikh Radwan នៅភាគខាងជើងតំបន់។ យោធាអ៊ីស្រាអែលបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅទីក្រុង Khan Younis ដែលជាទីក្រុងធំជាងគេ នៅភាគខាងត្បូងតំបន់ហ្គាហ្សា កងទ័ព កំពុងពង្រីកប្រតិបត្តិការរបស់ពួកគេ និងសម្លាប់ភេរវករ៕
ប្រែសម្រួល ឈូក បូរ៉ា