យេរ៉ូសាឡឹម៖ ការិយាល័យនាយករដ្ឋមន្ត្រីបានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សាស្រ្ទីប ភាគខាងជើងកាលពីថ្ងៃចន្ទ ហើយបានប្តេជ្ញាថា នឹងបន្តការប្រយុទ្ធថែមទៀត។
ការិយាល័យបានឲ្យដឹងថា លោក ណេតាន់យ៉ាហ៊ូ បានទៅទស្សនាតំបន់ជុំវិញប៉ាឡេស្ទីន ជាកន្លែងដែលជម្លោះ ដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើង រួមជាមួយនឹងអគ្គសេនាធិការរង ឧត្តមសេនីយ Amir Baram ។
លោក ណេតាន់យ៉ាហ៊ូ បានប្រាប់ទាហានអ៊ីស្រាអែលថា “យើងមិនបញ្ឈប់ការធ្វើសង្គ្រាមនោះទេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោធាអ៊ីស្រាអែលបានឲ្យដឹងថា ទន្ទឹមនឹងនោះ យ៉ាងហោចណាស់ទាហានពីរនាក់បានស្លាប់កាលពីថ្ងៃចន្ទនៅក្នុងការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបរបស់ទាហានអ៊ីស្រាអែលចាប់តាំងពីការផ្ទុះជម្លោះឡើងដល់ ១៥៦នាក់។
ចាប់តាំងពីកងទ័ពបានចាប់ផ្តើមការវាយលុករបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលា ដែលក្នុងនោះជនជាតិអ៊ីស្រាអែលប្រហែល ១២០០ នាក់ត្រូវបានសម្លាប់ និង ២៤០ចំណាប់ខ្មាំងត្រូវបានចាប់ខ្លួននោះ ផ្នែកធំនៃហ្គាហ្សាត្រូវបានបំផ្លិចបំផ្លាញ ហើយភាគច្រើននៃចំនួនប្រជាជន ២,៣លាននាក់ត្រូវបានផ្លាស់ទីលំនៅ៕ ប្រែសម្រួល ឈូក បូរ៉ា