គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មាន Ukrayinska Pravda បានរាយការណ៍ កាលពីថ្ងៃពុធ ដោយបានធ្វើការដកស្រង់ សម្តីរបស់លោក Oleksandr Kamyshin រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម យុទ្ធសាស្ត្ររបស់ប្រទេស អ៊ុយក្រែន ដែលបានថ្លែងថា អ៊ុយក្រែន បានចាប់ផ្តើមការផលិត យន្តហោះគ្មានមនុស្សបើកឈ្មោះថា kamikaze ជាលក្ខណៈទ្រង់ទ្រាយធំដែលអាចហោះហើរបានរយៈចម្ងាយឆ្ងាយ ។
លោក Kamyshin បានប្រាប់ដល់ សន្និសីទសារព័ត៌មានមួយថា “យើងកំពុង ផលិតយន្តហោះគ្មាន មនុស្សបើកទាំងនេះ រាប់សិបគ្រឿង ហើយនៅឆ្នាំក្រោយ កងកម្លាំងប្រដាប់ អាវុធរបស់អ៊ុយក្រែន ត្រូវបានកំណត់ថា នឹងទទួលបានយន្តហោះគ្មាន មនុស្សបើកលើសពី១ពាន់គ្រឿង” ។
រដ្ឋមន្ត្រីរូបនេះបានថ្លែងថា យន្តហោះគ្មានមនុស្សបើកថ្មីនេះ អាចហោះហើរបានរយៈចម្ងាយជាង១.០០០គីឡូម៉ែត្រ ។
នៅក្នុងឆ្នាំនេះ ប្រទេសអ៊ុយក្រែន បានបែងចែក ថវិកចំនួន៤០ពាន់លាន hryvnias ស្មើនឹងប្រហែល១,០៦ពាន់លានដុល្លារ អាមេរិកដើម្បីធ្វើការផលិតយន្ត ហោះគ្មានមនុស្សបើក ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា ប្រទេសរបស់លោក គ្រោងនឹងផលិតយន្តហោះគ្មាន មនុស្សបើកប្រមាណ១លានគ្រឿង នៅឆ្នាំក្រោយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា