រុស្ស៊ី៖ ទស្សនាវដ្តីអាជីវកម្ម Inc.រុស្ស៊ី បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ការសិក្សា របស់មជ្ឈមណ្ឌលវិភាគ Avito បានឲ្យដឹងថា ជនជាតិរុស្ស៊ីម្នាក់ ក្នុងចំណោម ៣ នាក់បានប្រើប្រាស់បណ្តាញ សរសៃប្រសាទក្នុងរយៈពេល៣ខែ ចុងក្រោយនេះ ដែលភាគច្រើន សម្រាប់គោលបំណងកម្សាន្ត យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។
អត្ថបទនេះបានអះអាងថា ការយល់ដឹងអំពីឧបករណ៍ AI នៅទូទាំងប្រទេសមានកម្រិតខ្ពស់ដោយកត់សម្គាល់ថា ជិតពាក់កណ្តាល នៃអ្នកឆ្លើយតបស្ទើរ តែគ្រប់តំបន់បានប្រើប្រាស់បណ្តាញ សរសៃប្រសាទក្នុងរយៈពេល ៣ ខែកន្លងមកនេះ ។ របាយការណ៍បានបន្ថែមថា អ្នកប្រើប្រាស់ AI ភាគច្រើនក្នុងប្រទេសរុស្ស៊ីមាន ៦០ ភាគរយមានអាយុពី ១៨-២៤ ឆ្នាំ ខណៈ២០ភាគរយ នៃអ្នកដែលបានស្ទង់មតិបាននិយាយថា ពួកគេប្រើប្រាស់ AI ជារៀងរាល់ថ្ងៃ ។
នេះបើយោងតាមលទ្ធផល នៃការស្ទង់មតិថា គោលបំណងកំពូល សម្រាប់ការប្រើប្រាស់ AI ក្នុងចំណោមអ្នកឆ្លើយ សំណួរទាំងអស់ គឺការកម្សាន្ត មាន ៥៩ភាគរយ បន្ទាប់មកដោយការរៀន ៣៣ ភាគរយ និងការងារ ២៦ ភាគរយ ។ ដោយបំបែកក្រុមអាយុ ការស្ទង់មតិបានបង្ហាញថា អ្នកឆ្លើយសំណួរភាគច្រើន មានអាយុពី ១៨-២៤ ឆ្នាំប្រើប្រាស់ AI សម្រាប់ការសិក្សា (៤៧ភាគរយ) និងធ្វើការ (២៨ភាគរយ) ។
ចំណែកមនុស្សភាគច្រើនដែលមានអាយុពី ២៥-៣៤ ឆ្នាំប្រើប្រាស់វាសម្រាប់ការកម្សាន្ត (៦៤ភាគរយ) និងការងារ (២៩ភាគរយ) ខណៈអ្នកដែលមានអាយុ ៥៤ ឆ្នាំឡើងទៅប្រើប្រាស់បណ្តាញសរសៃប្រសាទសម្រាប់គ្រួសារ (១៧ភាគរយ) ហិរញ្ញវត្ថុ (១៩ ភាគរយ) និង ការងារវេជ្ជសាស្រ្ត (២៣ភាគរយ) ។ ទស្សនាវដ្តីនេះ បានរាយការណ៍ថា ភារកិច្ចពេញនិយមបំផុត សម្រាប់បណ្តាញសរសៃប្រសាទក្នុងចំណោមជនជាតិរុស្ស៊ីគឺការបង្កើតរូបភាព (៣៩ភាគរយ) អត្ថបទ (៣០ភាគរយ) និងការជ្រើសរើស ឬការណែ នាំអំពីភាពយន្ត និងតន្ត្រី (២៣ភាគរយ) ។
លោក Andrey Rybintsev ប្រធានផ្នែកទិន្នន័យ នៅក្រុមហ៊ុន Avito បាននិយាយថា AI បានរៀនធ្វើជា ជំនួយការមើលមិនឃើញ ដ៏ជំនាញក្នុងជីវិតប្រចាំថ្ងៃ ហើយបានក្លាយទៅជាមិនអាចខ្វះបានក្នុងអាជីវកម្ម ការដោះស្រាយការងារដែលពឹងផ្អែកលើកម្លាំងពលកម្ម និងជួយផ្លាស់ប្តូរទីតាំងធនធាន។
បណ្តាញសរសៃប្រសាទរបស់រុស្ស៊ី YandexGPT គឺពេញនិយមបំផុតក្នុងចំណោមអ្នកចូលរួមសិក្សា (៥៦ភាគរយ) បន្ទាប់មក ChatGPT (២៩ភាគរយ) និង Kandinsky (១៣ភាគរយ) ។ វាបានកត់សម្គាល់ថា ChatGPT មានប្រជាប្រិយភាពបំផុត (៥៣ភាគរយ) ក្នុងចំណោមអ្នកប្រើប្រាស់វ័យក្មេង៕