ព័ត៌មានអន្តរជាតិ

ណាតូ នឹងជួយអាល្លឺម៉ង់ និងប្រទេសសមាជិក មួយចំនួនទៀត ទិញមីស៊ីល Patriot ដល់ទៅ ១.០០០ ដើម ដើម្បីពង្រឹងការការពារដែនអាកាសអឺរ៉ុប

AFP

បរទេស ៖ អង្គការ ណាតូ បានប្រកាសផែនការជួយប្រទេសអាល្លឺម៉ង់ និងប្រទេសសមាជិក មួយចំនួនទៀត ទិញមីស៊ីល Patriot ដល់ទៅ ១.០០០ ដើម ដើម្បីពង្រឹងការការពារដែន អាកាសអឺរ៉ុប ខណៈដែលរុស្ស៊ីបង្កើនការវាយប្រហារ តាមអាកាសប្រឆាំង នឹងទីក្រុងនានារបស់អ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារគាំទ្រ និងលទ្ធកម្មនៃប្លុកយោធាលោកខាងលិច (NSPA) បានបង្ហាញកិច្ចព្រមព្រៀងថ្មីកាលពីថ្ងៃពុធ ដោយនិយាយថា ខ្លួននឹងគាំទ្រការទិញមីស៊ីលដោយក្រុមចម្រុះ ដែលរួមមានអាល្លឺម៉ង់ រូម៉ានី ហូឡង់ និងអេស្ប៉ាញ ។ ទីភ្នាក់ងារនេះបាននិយាយថា កិច្ចព្រមព្រៀងនេះនឹងជំរុញឱ្យមានការបង្កើនផលិតកម្ម នៅអឺរ៉ុបនៃមីស៊ីល Patriot ដែលផលិតដោយ សហរដ្ឋអាមេរិក ដោយជួយសមាជិកណាតូបំពេញ ឃ្លាំងអាវុធរបស់ពួកគេ ខណៈដែលបណ្តាប្រទេស ទាំងនោះបន្តបរិច្ចាគអាវុធដល់អ៊ុយក្រែន។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា “ការវិនិយោគនេះបង្ហាញពីភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការការពារជាតិឆ្លងដែន និងការប្តេជ្ញាចិត្តរបស់ណាតូក្នុងការរក្សាប្រជាជនរបស់យើងឱ្យមានសុវត្ថិភាព” ។ “ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ទៅលើជនស៊ីវិល ទីក្រុង និងទីប្រជុំជនរបស់អ៊ុយក្រែន បង្ហាញពីសារៈសំខាន់ នៃការការពារដែនអាកាសទំនើប ការបង្កើនការផលិតគ្រាប់រំសេវ គឺជាគន្លឹះសម្រាប់សន្តិសុខរបស់អ៊ុយក្រែន និងសម្រាប់របស់យើង» ។

សម្ព័ន្ធដែលគាំទ្រ ដោយណាតូបានផ្តល់ កិច្ចសន្យាចំនួន ៥,៥ ពាន់លានដុល្លារដល់ក្រុមហ៊ុន COMLOG ដែលជាក្រុមហ៊ុន បណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុនម៉ៅការ ការពារជាតិអាមេរិក Raytheon និង MBDA របស់ប្រទេសអាល្លឺម៉ង់ ដើម្បីផលិតមីស៊ីលថ្មី។ NSPA បាននិយាយថា ទ្រង់ទ្រាយធំនៃការបញ្ជាទិញរួមនឹងគាំទ្រ ដល់ការបង្កើតខ្សែសង្វាក់ផលិតកម្ម Patriot ថ្មីនៅក្នុងប្រទេសអាល្លឺម៉ង់៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top