តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើសាររំលែកទុក្ខដល់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ចំពោះការរញ្ជួយដីដ៏សាហាវ ដែលបានវាយប្រហារកណ្តាលប្រទេសជប៉ុន នៅថ្ងៃចូលឆ្នាំថ្មីនេះ នៅក្នុងការផ្លាស់ប្តូរដ៏កម្រមួយរវាងប្រទេសដែលគ្មានទំនាក់ទំនងការទូត។
វាគឺជាសារដំបូងរបស់លោក គីម ទៅកាន់លោក គីស៊ីដា នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Radio Press ដែលតាមដានប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសកូរ៉េខាងជើង។ លោក គីស៊ីដា បានព្យាយាមសម្រេចបាននូវកិច្ចប្រជុំកំពូលដំបូងជាមួយលោក គីម ប៉ុន្តែរហូតមកដល់ពេលនេះ ផែនការនេះមិនទាន់មានផ្លែផ្កានៅឡើយទេ។
នៅក្នុងសារដែលបានផ្ញើកាលពីថ្ងៃសុក្រ លោក គីម បានឲ្យដឹងថា សង្ឃឹមយ៉ាងស្មោះស្ម័គ្រថា ប្រជាជននៅក្នុងតំបន់ ដែលរងផលប៉ះពាល់នឹង ស្ដារជីវិតមានស្ថិរភាពរបស់ពួកគេឡើងវិញនៅឲ្យបានឆាប់បំផុត ដែលអាចធ្វើទៅបាន”។
បករភពពី KCNA បានឲ្យដឹងថា មេដឹកនាំបានសម្តែងនូវ “ការអាណិតអាសូរ និងរំលែកទុក្ខយ៉ាងជ្រាលជ្រៅ” ដល់លោក គីស៊ីដា ក៏ដូចជាក្រុមគ្រួសារដែលបានស្លាប់បាត់បង់ជីវិត និងជនរងគ្រោះ “ចំពោះដំណឹងដ៏ក្រៀមក្រំដែលថា ជនរងគ្រោះ និងការបាត់បង់សម្ភារៈជាច្រើនត្រូវបានបង្កឡើង” ដោយគ្រោះរញ្ជួយដីនៅដើមឆ្នាំថ្មីនេះ។
អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុន លោក Yoshimasa Hayashi លេខាធិការខុទ្ទកាល័យបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍នៅទីក្រុងតូក្យូថា លោកចង់ថ្លែងអំណរគុណចំពោះលោក គីម សម្រាប់សារនោះ៕
ប្រែសម្រួល ឈូក បូរ៉ា