បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការពារជាតិ នៅទីក្រុងមូស្គូបាននិយាយ កាលពីថ្ងៃអាទិត្យថា កងកម្លាំងរុស្ស៊ី បានទម្លាក់យន្តហោះចម្បាំង អ៊ុយក្រែនចំនួនពីរគ្រឿង ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ។
ក្រសួងបានកំណត់អត្តសញ្ញាណ យន្តហោះមួយគ្រឿងជាយន្តហោះគាំទ្រផ្លូវអាកាសជិត Su-25 ដែលខ្លួននិយាយថាត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារអាកាសរុស្ស៊ី មិនឆ្ងាយប៉ុន្មានពីទីក្រុង Dnepropetrovsk ឬគេស្គាល់ថាជា Dnepr ក្នុងប្រទេសអ៊ុយក្រែនស្ថិតនៅ ចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រភាគខាងជើងតំបន់ប្រយុទ្ធជួរមុខ។
ក្រុមមន្ត្រីបានបន្ថែមថា យន្តហោះផ្សេងទៀត គឺជាយន្តហោះចម្បាំង Su-27 ដែលបានធ្លាក់នៅមិនឆ្ងាយប៉ុន្មានពី Krivoy Rog ប្រហែល១៤០គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Dnepropetrovsk ។
យោធារុស្ស៊ី ក៏បាននិយាយផងដែរថា ខ្លួនបានស្ទាក់ចាប់កាំជ្រួចចំនួន ១៤គ្រាប់ ដែលបាញ់ចេញពីប្រព័ន្ធមីស៊ីល HIMARS ដែលផ្គត់ផ្គង់ ដោយសហរដ្ឋអាមេរិក និង Uragan សម័យសូវៀត ក៏ដូចជាគ្រាប់រ៉ុក្កែត ប្រឆាំងនាវារបស់អ៊ុយក្រែនចំនួន ៦ គ្រាប់៕
ប្រែសម្រួល៖ស៊ុនលី