ព័ត៌មានអន្តរជាតិ

ចិនប្រកាស ដាក់ទណ្ឌកម្ម ក្រុមហ៊ុនក្នុងវិស័យ ការពារជាតិ អាមេរិកមួយចំនួន

AFP

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការបរទេសចិន បានប្រកាសថា ប្រទេសចិន បានដាក់ទណ្ឌកម្មក្រុមហ៊ុន នៅក្នុងវិស័យឧស្សាហកម្ម ការពារជាតិអាមេរិកចំនួន៥ ដើម្បីជាការឆ្លើយតប ទៅនឹងសកម្មភាពខុសធ្ងន់ធ្ងរ ដែលបានធ្វើឡើង ដោយសហរដ្ឋអាមេរិក ។

ចំណាត់ការនេះ ត្រូវបានគេនិយាយថា ជាវិធានការប្រឆាំងនឹង ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបន្តការលក់អាវុធថ្មីទៅឱ្យកោះតៃវ៉ាន់ ក៏ដូចជាការដាក់ទណ្ឌកម្មជាឯកតោភាគី ចំពោះអាជីវកម្មចិនផងដែរ ។

ការសម្រេចចិត្តក៏ត្រូវបាន គេមើលឃើញថាបានកើតឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានអនុម័តការលក់អាវុធចំនួន៣០០លានដុល្លារ ទៅឱ្យរដ្ឋាភិបាល ទីក្រុងតៃប៉ិ កាលពីខែមុន នៅមុនការបោះឆ្នោតប្រធានាធិបតី និងសភារបស់កោះតៃវ៉ាន់ នៅថ្ងៃទី១៣ខែមករា ដែលក្នុងនោះ អនុប្រធានាធិបតីលោក Lai Ching-te នៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាចគឺជាអ្នកនាំមុខ។

កាលពីដើមឆ្នាំ២០២៣រដ្ឋបាលរបស់ប្រធានាធិបតី អាមេរិក Joe Biden បានអនុញ្ញាតឱ្យផ្ទេរប្រាក់ដោយផ្ទាល់ចំនួន៨០លានដុល្លារទៅឱ្យកោះតៃវ៉ាន់ ក្រោមកម្មវិធីមួយ ដែលត្រូវបានប្រើជាធម្មតា សម្រាប់រដ្ឋអធិបតេយ្យផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top