ព័ត៌មានអន្តរជាតិ

ប្រមុខ​ការពារ​ជាតិ​អាមេរិក ​មាន​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត ប៉ុន្ដែលោក បៃដិន មិន​បាន​ដឹង​ទេ​

រូបភាពពី៖​ Kyodo

វ៉ាស៊ីនតោន៖ មន្ទីរពេទ្យយោធាបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកក្រពេញប្រូស្តាត ហើយការចូលសម្រាកនៅមន្ទីរពេទ្យរបស់លោក ចាប់តាំងពីដើមឆ្នាំនេះមក គឺដោយសារតែការឆ្លងបន្ទាប់ពីការវះកាត់ ដើម្បីព្យាបាលជំងឺនេះ។

មន្ត្រីជាន់ខ្ពស់សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មិនបានដឹងនោះទេថា លោក Austin មានជំងឺមហារីក “រហូតដល់ព្រឹកនេះ” ហើយថាមូលហេតុដើមនៃការចូលមន្ទីរពេទ្យរបស់លោក គឺសារតែលោកមានជំងឺ។

ការប្រកាសរបស់វេជ្ជបណ្ឌិតនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed ជាកន្លែងដែលលោក Austin បានសម្រាកនៅមន្ទីរពេទ្យចាប់តាំងពីថ្ងៃទី០១ ខែមករា ហើយការឆ្លើយតបរបស់សេតវិមាន បានកើតឡើងនៅពេលដែលលោក និងមន្ទីរបញ្ចកោណត្រូវបានរិះគន់អស់រយៈពេលជាច្រើនថ្ងៃដោយមិនបានរាយការណ៍ពីមន្ទីរពេទ្យរបស់លោកទៅ លោក ​បៃដិន ឬជូនដំណឹងដល់សាធារណជន។

អ្នកនាំពាក្យសេតវិមាន លោក John Kirby បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “គ្មាននរណាម្នាក់នៅសេតវិមានបានដឹងថា លោក Austin មានជំងឺមហារីកក្រពេញប្រូស្តាត​ រហូតដល់ព្រឹកនេះ ហើយប្រធានាធិបតី ត្រូវបានជូនដំណឹងភ្លាមៗ” ។

ខណៈពេលដែលកត់សម្គាល់ថា លោក បៃដិន មានទំនុកចិត្តលើលោក Austin ដោយក្នុងនោះលោក Kirby បានទទួលស្គាល់ថា “វាមិនសមហេតុផល សម្រាប់ស្ថានភាពបែបនេះទេ ដរាបណាវាបានធ្វើដោយគ្មានមេបញ្ជាការដឹងអំពីវា ឬទីប្រឹក្សាសន្តិសុខជាតិដឹងអំពីវា ឬ និយាយ​ត្រង់​ទៅ​ថ្នាក់​ដឹក​នាំ​ផ្សេង​ទៀត​នៅ​ក្រសួង​ការពារ​ជាតិ”៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top