ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ​នឹង​បញ្ជូន​នាវាចម្បាំង​ ទៅកាន់​សមុទ្រ​ក្រហម ​ចំពេល​មានការ​កើនឡើង​ នៃ​ការ​វាយប្រហារ​របស់ក្រុម Houthi

រូបភាពពី៖​ AFP

ប៊ែរឡាំង៖ ប្រទេសអាល្លឺម៉ង់ នឹងបញ្ជូននាវាចម្បាំង Hessen របស់ខ្លួនទៅកាន់សមុទ្រក្រហមនៅថ្ងៃទី០១ ខែកុម្ភៈ ហើយប្រើប្រាស់កម្លាំងយោធារបស់ខ្លួន ដើម្បីស្ទាក់ចាប់មីស៊ីល និងយន្តហោះដ្រូនរបស់ចលនាឧទ្ទាម Ansar Allah ដែលត្រូវបានគេស្គាល់ថាជាក្រុម Houthis ដែលជាផ្នែក នៃប្រតិបត្តិការកងទ័ពជើងទឹកសហភាពអឺរ៉ុប នាពេលខាងមុខនៅក្នុងតំបន់។​

របាយការណ៍បានឲ្យដឹងថា នាវាចម្បាំង Hessen របស់ប្រទេសអាល្លឺម៉ង់ត្រូវបានបំពាក់ដោយកាំជ្រួចប្រឆាំងយន្តហោះ ដែលជាប្រព័ន្ធឈ្លបយកការណ៍រ៉ាដា ដែលមានសមត្ថភាពតាមដានគោលដៅចំនួន ១០០០ ក្នុងពេលដំណាលគ្នា និងឧទ្ធម្ភាគចក្រវាយប្រហារ។ ​រហូតមកដល់ពេលថ្មីៗនេះ នាវាចម្បាំងបានចូលរួមក្នុងសមយុទ្ធរបស់ណាតូ នៅសមុទ្រខាងជើង និងតំបន់អាក់ទិករយៈពេល ៦ខែ។

ប្រភពពី Welt am Sonntag បានរាយការណ៍ថា ការសម្រេចចិត្តរបស់ទីក្រុងប៊ែកឡាំង ក្នុងការបញ្ជូននាវាចម្បាំងនឹងរួមចំណែកដល់ប្រតិបត្តិការកងទ័ពជើងទឹកនាពេលខាងមុខរបស់សហភាពអឺរ៉ុប នៅសមុទ្រក្រហមដោយបន្ថែមថា ប្លុកនេះត្រូវបានរំពឹងថានឹងប្រកាសការសម្រេចចិត្តជាផ្លូវការរបស់ខ្លួន ស្តីពីការបង្កើតបេសកកម្មនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ​​ប្រតិបត្តិការ​នេះ​ត្រូវ​បាន​គេ​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ចុង​ខែ​កុម្ភៈ​។

​ អ្នកនាំពាក្យនាំមុខសម្រាប់កិច្ចការបរទេសរបស់សហភាពអឺរ៉ុបលោក Peter Stano បានឲ្យដឹងថា អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបលោក Josep Borrell គ្រោងនឹងចាប់ផ្តើមការពិគ្រោះយោបល់ជាមួយរដ្ឋសមាជិកនៃប្លុកនេះ ទាក់ទងនឹងការបង្កើតសក្តានុពលនៃបេសកកម្មអឺរ៉ុបជាក់លាក់មួយទៅកាន់សមុទ្រក្រហម ចំពេលមានការកើនឡើងនៃការវាយប្រហារលើនាវាដឹកទំនិញដោយពួកឧទ្ទាម Houthi របស់ប្រទេសយេម៉ែន។ ​

នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុម Houthis បានប្រកាសពីចេតនារបស់ពួកគេក្នុងការវាយប្រហារលើនាវាទាំងឡាយណា ដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ីស្រាអែល ដោយជំរុញឱ្យប្រទេសផ្សេងទៀតប្រមូលនាវិករបស់ពួកគេចេញពីនាវា។ ក្រុមនេះ បានប្តេជ្ញាបន្តការវាយប្រហាររបស់ពួកគេរហូតដល់អ៊ីស្រាអែលបញ្ចប់សកម្មភាពយោធារបស់ខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីប៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top