អង់ការ៉ា៖ ក្រសួងការពារជាតិតួកគី បានឲ្យដឹងថា តួកគីបានបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងពួកសកម្មប្រយុទ្ធឃឺដ នៅភាគខាងជើងប្រទេសស៊ីរី និងភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដើម្បីជាការសងសឹក ចំពោះការសម្លាប់ទាហានតទកគី ៩នាក់នាពេលថ្មីៗនេះ។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រតិបត្តិការផ្លូវអាកាសត្រូវបានធ្វើឡើងលើគោលដៅភេរវករនៅក្នុងតំបន់ Metina, Hakurk, Gara និង Qandil” នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ រួមជាមួយនឹងគោលដៅផ្សេងទៀតនៅភាគខាងជើងប្រទេសស៊ីរី។
ការវាយប្រហារបានវាយប្រហារលើគោលដៅចំនួន ២៩ រួមទាំង “រូងភ្នំ លេណដ្ឋាន ជម្រក និងកន្លែងដំឡើងប្រេង” ដែលជាកម្មសិទ្ធិរបស់គណបក្សពលករឃឺដ (PKK) នៅក្នុងប្រទេសអ៊ីរ៉ាក់ និងអង្គភាពការពារប្រជាជនឃឺដ (YPG) នៅក្នុងប្រទេសស៊ីរី។
ប្រតិបត្តិការនេះបានកើតឡើងបន្ទាប់ពីទាហានតួកគី ៥នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់ PKK នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់កាលពីយប់ថ្ងៃសុក្រ។ ការវាយប្រហារនេះក៏បានធ្វើឱ្យមនុស្ស៨នាក់ផ្សេងទៀតរងរបួសក្នុងនោះ ៤នាក់បានស្លាប់ក្រោយមកដោយសាររបួសធ្ងន់។
ការប៉ះទង្គិចគ្នាកាលពីថ្ងៃសុក្របានផ្ទុះឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធ PKK ប៉ុនប៉ងជ្រៀតចូលមូលដ្ឋានតួកគីមួយនៅក្នុងតំបន់ “ប្រតិបត្តិការក្ដាប់-ចាក់សោ” នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា យ៉ាងហោចណាស់សមាជិក PKK ចំនួន ២៣ នាក់ត្រូវបាន “អព្យាក្រឹត” នៅក្នុងប្រទេសអ៊ីរ៉ាក់ ខណៈដែល ៩នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងប្រទេសស៊ីរី ដោយបន្ថែមថា ប្រតិបត្តិការប្រឆាំងនឹងពួកសកម្មប្រយុទ្ធឃឺដកំពុងបន្ត៕
ប្រែសម្រួល ឈូក បូរ៉ា