បរទេស៖ អតីតតារាហូលីវូដ និងជាអភិបាលរដ្ឋកាលីហ្វ័រញ៉ា របស់អាមេរិក លោក Arnold Schwarzenegger (អាណុល) ត្រូវបានឃុំខ្លួនជាច្រើនម៉ោងនៅអាកាសយានដ្ឋាន Munich ប្រទេសអាល្លឺម៉ង់ ចំពោះការខកខានក្នុងការប្រកាសអំពីពន្ធលើនាឡិកាប្រណីតមួយគ្រឿង ដែលតាមសេចក្តីរាយការណ៍ថា មានការផាកពិន័យយ៉ាងធ្ងន់ធ្ងរ មុនពេលលោកត្រូវបានអនុញ្ញាតឱ្យបន្តដំណើរទៅកាន់ប្រទេសអូទ្រីសដែលជាស្រុកកំណើតរបស់លោក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការជាប់ពាក់ព័ន្ធបានចាប់ផ្តើមបន្ទាប់ពីជើងហោះហើររបស់លោក Schwarzenegger ពីទីក្រុង Los Angeles បានចុះចតនៅប្រទេសអាល្លឺម៉ង់កាលពីរសៀលថ្ងៃពុធ។ លោកត្រូវបានបញ្ឈប់ដោយមន្ត្រីគយ ដែលបានឆែកឆេរអីវ៉ាន់របស់លោក ហើយបានរកឃើញនាឡិកាដៃប្រណីតមួយគ្រឿង ម៉ាក Audemars Piguet ដែលផលិតតាមការបញ្ជាទិញ។
អ្នកនាំពាក្យគយលោក Thomas Meister បានប្រាប់កាសែត Bild របស់ប្រទេសអាល្លឺម៉ង់ថា ឧប្បត្តិហេតុនេះកំពុងត្រូវបានស៊ើបអង្កេតជាករណីនៃការគេចពន្ធដែលអាចកើតមាន។ លោកបានបន្តថា «នាឡិកាគួរតែត្រូវបានចុះបញ្ជីព្រោះវាជាការនាំចូល»។
កាសែត Bild បានបោះពុម្ភរូបថតរបស់អតីតកីឡាករកាយវប្បកម្ម និងជាតារាភាពយន្តសកម្មអាយុ ៧៦ ឆ្នាំកាន់ប្រអប់នាឡិការបស់លោកនៅក្នុងការិយាល័យមួយដែលមានមន្ត្រីគយពីរនាក់។ Schwarzenegger បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោកព្យាយាមពន្យល់ដល់អាជ្ញាធរថា លោកបាននាំយកនាឡិកានេះទៅដាក់លក់ដេញថ្លៃនៅថ្ងៃព្រហស្បតិ៍នៅប្រទេសអូទ្រីស សម្រាប់ហេតុផលដ៏ល្អ ដែលជាគំនិតផ្តួចផ្តើមអាកាសធាតុរបស់លោក “ដោយលោកមិនប្រើវានោះទេ” ៕ ប្រែសម្រួលៈ ណៃ តុលា