ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងថា យន្តហោះដឹកអ្នកទោស អ៊ុយក្រែន ត្រូវបានបាញ់ ទម្លាក់ដោយអ៊ុយក្រែន

មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃពុធថា អ៊ុយក្រែន បានបាញ់មីស៊ីលចំនួនពីរគ្រាប់ ទៅលើយន្តហោះដឹកជញ្ជូនយោធា Il-76 ដោយបានសម្លាប់មនុស្សទាំងអស់ នៅលើយន្តហោះទាំង ៧៤នាក់ ។

ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ថ្ងៃនេះនៅម៉ោង ១១ និង ១៥ព្រឹក របបទីក្រុង បានប្រព្រឹត្តអំពើភេរវកម្ម ដែលជាលទ្ធផលយន្តហោះដឹកជញ្ជូន យោធារុស្ស៊ីត្រូវបានបាញ់ទម្លាក់” ដោយបន្ថែមថាអ្នកដំណើរទាំងអស់ នៅលើយន្តហោះត្រូវបានសម្លាប់។

យោងតាមសេចក្តីថ្លែងការណ៍ យន្តហោះនេះត្រូវបានបុកនៅលើផ្លូវចេញពីអាកាសយានដ្ឋាន Chkalovsky ទៅកាន់ទីក្រុង Belgorod ខណៈពេលដែលវាកំពុងដឹក ជញ្ជូនបុគ្គលិកយោធាអ៊ុយក្រែន សម្រាប់ការផ្លាស់ប្តូរអ្នកទោស។

ប្រភពបានឲ្យដឹងថា “កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានបំផ្លាញយន្តហោះ ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ” ដោយបន្ថែមថាឧបករណ៍រ៉ាដារបស់រុស្ស៊ី បានរកឃើញការបាញ់បង្ហោះមីស៊ីលអ៊ុយក្រែនចំនួនពីរ។

ក្រសួងការពារជាតិបានបន្ដថា អ៊ុយក្រែន ដឹងថាអ្នកទោសរបស់ខ្លួន នឹងត្រូវដឹកជញ្ជូនទៅកាន់ទីក្រុង Belgorod សម្រាប់ការផ្លាស់ប្តូរដោយផ្អែក លើកិច្ចព្រមព្រៀង ដែលបានឈានដល់ពីមុនរវាងភាគីទាំងពីរ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top