អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ថា លោក Sergei Lavrov រដ្ឋមន្ត្រីកស្រួងការបរទេសរុស្ស៊ី បានថ្លែងកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ី បានអំពាវនាវសុំឱ្យមានកិច្ចប្រជុំបន្ទាន់មួយ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) បន្ទាប់ពីការបាញ់ទម្លាក់យន្តហោះរុស្ស៊ី ដែលដឹកយោធា ។
នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក Lavrov បានថ្លែងថា ក្រុងម៉ូស្គូបានស្នើសុំឲ្យមានកិច្ចប្រជុំមួយនៅម៉ោង៣រសៀលកាលពីថ្ងៃពុធ ម៉ោងក្រុងញ៉ូវយ៉ក ត្រូវនឹងម៉ោង២០និង០០នាទីម៉ោងសកល ។ ប៉ុន្តែជាក់ស្តែងការប្រជុំមិនត្រូវបានកំណត់ពេលវេលាណាមួយឡើយ ។
លោក Lavrov បានថ្លែងថា យន្តហោះដឹកជញ្ជូន IL-76 របស់រុស្សី បានធ្លាក់ ដោយមានយោធារបស់អ៊ុយក្រែនចំនួន៦៥នាក់ ដែលចាប់បាននៅលើនោះ រួមជាមួយនឹងមន្ត្រីរុស្ស៊ី ចំនួន៣នាក់ និងសមាជិកនាវិក៦នាក់ ហើយមនុស្សទាំងអស់នៅលើយន្តហោះនោះបានស្លាប់ដោយសារអ្វីដែលគាត់បានលើកឡើងថា ជាការវាយប្រហារភេរវកម្មដោយអ៊ុយក្រែន ។
លោក Lavrov បានថ្លែងថា មីស៊ីលការពារដែនអាកាស ដែលបានបាញ់ដោយអ៊ុយក្រែន ចេញពីតំបន់ Kharkiv បានបាញ់ទម្លាក់យន្តហោះនៅក្នុងតំបន់ Belgorod ។
គួរបញ្ជាក់ថា យន្តហោះ IL-76 កំពុងដឹកយោធាអ៊ុយក្រែន ចំនួន៦៥នាក់ ដែលចាប់បានពីទីក្រុងម៉ូស្គូ នាំទៅកាន់ទីក្រុង Belgorod សម្រាប់ការដោះដូរអ្នកទោសសង្គ្រាម ដែលបានព្រមព្រៀងគ្នារវាងក្រុងម៉ូស្គូ និងក្រុងគៀវ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា