ព័ត៌មានអន្តរជាតិ

ឧទ្ទម្ភាគចក្រវិស្វកម្ម របស់អង្គការ NASA បញ្ចប់បេសកកម្មរបស់ខ្លួន ក្នុងការរុករក នៅលើភពព្រះអង្គារ

រូបភាពពី៖​ CNN

ឡូសអ៊ែនជីឡេស៖ ប្រភពទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃ២៦ ខែមករា ឆ្នាំ២០២៤ថា ឧទ្ធម្ភាគចក្រវិស្វកម្មរុករកនៅភពព្រះអង្គាររបស់អង្គការ NASA បានបញ្ចប់បេសកកម្មរបស់ខ្លួន ក្រោយពីបានប្រតិបត្តិការអស់រយៈពេលជិត៣ឆ្នាំ នៅលើភពព្រះអង្គារ ។

អង្គការ NASA បានឲ្យដឹងថា ខណដែលឧទ្ធម្ភាគចក្រនៅតែហោះត្រង់ និងស្ថិតនៅក្នុងការទំនាក់ទំនងជាមួយអ្នកត្រួតពិនិត្យពីភពផែនដី រូបភាពនៃការហោះហើរលើកទី៧២របស់វានៅលើភពអង្គារកាលពីថ្ងៃទី១៨ ខែមករា ដែលបានបញ្ជូនមកភពផែនដីក្នុងសប្តាហ៍នេះបង្ហាញថា កំណាត់រ៉ូទ័រមួយ ឬច្រើនរបស់វា បានរងការខូចខាតនៅក្នុងអំឡុងពេលចុះចត ហើយវាមិនអាចហោះហើរបានទៀតនោះទេ ។

គួររំលឹកថា ឧទ្ធម្ភាគចក្រនេះបានមកដល់ភពព្រះអង្គារ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយភ្ជាប់ទៅនឹងផ្នែកខាងក្រោមរបស់វាដែលមានយានរុករករបស់អង្គការ NASA ហើយឧទ្ធម្ភាគចក្រនេះជាការបង្ហាញឲ្យដឹងពីបច្ចេកវិជ្ជាដើម្បីសាកល្បងការហោះហើរនៅលើភពផ្សេងជាលើកដំបូង ។

អង្គការ NASA បានបញ្ជាក់ឲ្យដឹងថា កាលពីដើមឡើយត្រូវបានរចនាឡើងជាការបង្ហាញបច្ចេកវិទ្យាដើម្បីអនុវត្តការហោះហើរសាកល្បងចំនួន៥ដងក្នុងរយៈពេល ៣០ថ្ងៃទៅលើឧទ្ធម្ភាគចក្ររុករកមួយនេះដោយបានដំណើរការពីផ្ទៃរាបលើភពព្រះអង្គារអស់រយៈពេលជិត៣ឆ្នាំ ដែលបានអនុវត្តការហោះហើរចំនួន៧២ដង និងបានហោះហើរលើពី១២ដងក្នុងដំណើរឆ្ងាយជាងការគ្រោងទុក ខណៈដែលការកត់ត្រាច្រើនជាង២ម៉ោងនៃចំនួនសរុបសម្រាប់ការហោះហើរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top