ព័ត៌មានអន្តរជាតិ

អាជ្ញាធររុស្ស៊ី បញ្ជាក់ថា មីស៊ីលដែលបាញ់ទម្លាក់យន្ដហោះ Il-76 ត្រូវបានបាញ់ចេញពីទីក្រុង Kharkov

រូបភាពពី៖​ AFP

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយថា គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ី បានកំណត់ថា យន្តហោះយោធា Il-76 ត្រូវបានវាយប្រហារដោយមីស៊ីល ដែលត្រូវបានបាញ់ចេញពីតំបន់ Kharkov។

គណៈកម្មាធិការបានឲ្យដឹងថា ការស៊ើបអង្កេតបានរកឃើញថា ប្រព័ន្ធកាំជ្រួចប្រឆាំងយន្តហោះ ដែលប្រើដើម្បីវាយប្រហារយន្តហោះ Il-76 មានទីតាំងនៅភូមិ Liptsy នៃតំបន់ Kharkov ។

ប្រភពបានឲ្យដឹងថា ឯកសារត្រូវបានរកឃើញនៅកន្លែងធ្លាក់យន្តហោះនៅ Belgorod ដែលជាកម្មសិទ្ធិរបស់បុគ្គលិកយោធាអ៊ុយក្រែន ដែលត្រូវបានសម្លាប់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ជាមួយគ្នានេះដែរ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងកាលពីថ្ងៃសុក្រថា កាំជ្រួចដែលបានវាយប្រហារលើយន្តហោះ Il-76 គឺច្បាស់ណាស់បាញ់ចេញពីទឹកដី ដែលគ្រប់គ្រងដោយភាគីអ៊ុយក្រែន។

លោកពូទីន បានលើកឡើងថា មេដឹកនាំអ៊ុយក្រែន បានដឹងថាអ្នកទោសអ៊ុយក្រែនកំពុងនៅលើយន្តហោះ។ យន្តហោះដឹកជញ្ជូន Il-76 របស់រុស្ស៊ី ជាមួយអ្នកទោសអ៊ុយក្រែន ៦៥នាក់ សមាជិកនាវិក ៦នាក់ និងអ្នករួមដំណើរ ៣នាក់បានធ្លាក់នៅតំបន់ Belgorod របស់ប្រទេសកាលពីថ្ងៃពុធ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top