បរទេស៖ ឥណ្ឌាកំពុងត្រៀមខ្លួន ក្នុងការនាំចេញ BrahMos ដែលជាកាំជ្រួចល្បឿនលឿន ជាងសំឡេងរយៈចម្ងាយឆ្ងាយ ដែលបានបង្កើតឡើងរួមគ្នាជាមួយនឹងរុស្ស៊ី ទៅកាន់ប្រទេស ហ្វីលីពីន។ ការត្រៀមបញ្ជូននេះកើតឡើង ចំពេលដែលទីក្រុងញូវ ដេលីជំរុញការផលិតអាវុធក្នុងស្រុក និងបង្កើនការនាំចេញ ទៅកាន់ប្រទេសដទៃទៀត។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Samir Kamat ប្រធានអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិ (DRDO) បានប្រាប់សារព័ត៌មាន ANI ថា កិច្ចព្រមព្រៀងតម្លៃ ៣៧៥ លានដុល្លារ ដែលបានចុះហត្ថលេខា ក្នុងខែមករា ឆ្នាំ ២០២២ នឹងពាក់ព័ន្ធនឹង ការបញ្ជូនមីស៊ីល ទៅកាន់ប្រទេសហ្វីលីពីន ក្នុងពេលឆាប់ៗនេះ ។ លោកបាននិយាយថា “ប្រព័ន្ធមូលដ្ឋានរបស់មីស៊ីល BrahMos គួរតែត្រូវបានបញ្ជូនក្នុង ពេលឆាប់ៗ នេះក្នុងរយៈពេលដប់ថ្ងៃបន្ទាប់” ដោយលើកឡើងថា សមាសធាតុដែលនៅសល់ នឹងត្រូវដឹកជញ្ជូន នៅក្នុងខែមីនា។
លោក Kamat បានបន្ថែមថា កាំជ្រួច BrahMos កំពុង “ទទួលបានការ ចាប់អារម្មណ៍ច្រើន” ពីអ្នកទិញដែលមាន សក្តានុពល។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ប្រទេសថៃ វៀតណាម និងឥណ្ឌូនេស៊ី ក៏បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការទិញមីស៊ីលនេះផងដែរ។
ប្រធានអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិ ក៏បានលើកឡើងផងដែរថា ប្រទេសបរទេសបានចង្អុលបង្ហាញថា ពួកគេចង់ទិញឧបករណ៍ការពារ ដែលផលិតដោយប្រទេស ឥណ្ឌាផ្សេងទៀត រួមទាំង ‘Akash’ ដែលជាប្រព័ន្ធកាំជ្រួច ដែលអាចកំណត់គោលដៅ យន្តហោះបានចម្ងាយរហូតដល់ ៤៥ គីឡូម៉ែត្រ ។ លោកបានបន្ថែមថា៖ «ខ្ញុំប្រាកដក្នុងរយៈ ពេលប៉ុន្មានឆ្នាំខាងមុខនេះ ការនាំចេញនឹងក្លាយជាផ្នែក ដ៏សំខាន់នៃផលប័ត្ររបស់យើង»៕
ប្រែសម្រួលៈ ណៃ តុលា