បរទេស៖ មេទ័ពជើងទឹកអាមេរិក លោក Carlos Del Toro បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់វិទ្យាស្ថាន Royal United Services ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ចក្រភពអង់គ្លេស គួរតែវាយតម្លៃឡើងវិញ នូវទំហំកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ។ មន្ត្រីរូបនេះបានចង្អុលបង្ហាញ ពីស្ថានភាពដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមើលឃើញថា ជាការគំរាមកំហែង រួមទាំងការកើនឡើងភាព តានតឹងនៅមជ្ឈិមបូព៌ា ក៏ដូចជាគោលនយោបាយ របស់រុស្ស៊ី និងចិនផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅពេលសួរថា តើសហរដ្ឋអាមេរិក មានការព្រួយបារម្ភអំពីកងទ័ព របស់ចក្រភពអង់គ្លេស មានទំហំតិចតូចពេក ឬអត់នោះ លោក Del Toro បានឆ្លើយតបថា “ខ្ញុំគិតថាវាមានសារៈសំខាន់ សម្រាប់ចក្រភពអង់គ្លេស ក្នុងការវាយតម្លៃឡើងវិញ នូវកន្លែងដែលពួកគេនៅសព្វថ្ងៃនេះ ដោយសារការគំរាមកំហែង ដែលមានសព្វថ្ងៃនេះ” ។
នៅក្នុងសុន្ទរកថាកាលពីថ្ងៃព្រហស្បតិ៍ លោក Carlos Del Toro បានអះអាងថា ចំពេល “ការគំរាមកំហែង រយៈពេលមិនយូរដល់ចក្រ ភពអង់គ្លេស និងសហរដ្ឋអាមេរិក” ការវិនិយោគនៅក្នុងកងនាវាចរគឺ “មានសារៈសំខាន់” ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិកបាន “បន្តការវិនិយោគដ៏សំខាន់ នៅក្នុងសន្តិសុខជាតិ” ។ សូម្បីតែចំពេលមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច។
លោក Del Toro បានអះអាងទៀតថា ការគំរាមកំហែង គឺរួមមានទាំងវិបត្តិដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា យេម៉ែន អ៊ីរ៉ង់ ចិន និងរុស្ស៊ី ផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា
