ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់ អះអាងថា ការបាញ់បង្ហោះផ្កាយរណបជោគជ័យ ជាភស្តុតាងនៃការបរាជ័យទណ្ឌកម្ម

តេអេរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានឲ្យដឹងថា ការបាញ់បង្ហោះផ្កាយរណបចំនួន ១១ គ្រឿងដោយជោគជ័យក្នុងរយៈពេល ៣០ ខែកន្លងមកនេះ បង្ហាញថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរបស់លោក បានបរាជ័យ។

លោក Raisi បានធ្វើការកត់សម្គាល់នៅក្នុងពិធីមួយ ដើម្បីប្រារព្ធទិវាបច្ចេកវិទ្យាអវកាសជាតិនៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ ក្នុងអំឡុងពេលដែលលោកបានសាទរ ចំពោះសមិទ្ធិផលរបស់អ៊ីរ៉ង់នៅក្នុងឧស្សាហកម្មអវកាស ទោះបីជាមានការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសនេះក៏ដោយ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ការិយាល័យរបស់លោក។

លោកបានឲ្យដឹងថា “សត្រូវបានព្យាយាមបញ្ឈប់ការរីកចំរើនរបស់ប្រទេសអ៊ីរ៉ង់ និងផ្តាច់ប្រទេសដោយដាក់ទណ្ឌកម្ម ប៉ុន្តែការបាញ់បង្ហោះផ្កាយរណបចំនួន ១១គ្រាប់ ក្នុងរយៈពេល ២ឆ្នាំកន្លះចុងក្រោយនេះ បានបង្ហាញថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានគ្រប់គ្រង ដើម្បីបំផ្លាញទណ្ឌកម្ម និងផែនការ ដែលមានបំណងដាក់ប្រទេសរបស់លោកឲ្យនៅឯកោ។

លោក Raisi បានបន្ថែមថា សមិទ្ធិផលរបស់ប្រទេសនៅក្នុងឧស្សាហកម្មអវកាស គឺជាការបង្ហាញពី “ការបង្វែរទណ្ឌកម្ម និងការគំរាមកំហែងទៅជាឱកាស” ដោយយុវជនអ៊ីរ៉ង់ អ្នកជំនាញ អ្នកសិក្សា និងកងកម្លាំងប្រដាប់អាវុធ ដោយសង្កត់ធ្ងន់ថា ចំណាត់ថ្នាក់បច្ចេកវិទ្យាអវកាសរបស់អ៊ីរ៉ង់ បានកើនឡើងពីចំណាត់ថ្នាក់ទី៤៥ ដល់ទី១០ នៅលើពិភពលោកជាលទ្ធផលតាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ។

ប្រធានាធិបតីអ៊ីរ៉ង់បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការពន្លឿន និងបង្កើនការបាញ់បង្ហោះផ្កាយរណបរបស់ប្រទេស ក៏ដូចជាការបន្តការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឧស្សាហកម្មអវកាស៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top