ឡុងដ៏៖ ព្រះបរមរាជវាំង Buckingham បានឲ្យដឹងថា ស្តេច Charles III របស់ចក្រភពអង់គ្លេស ត្រូវបានគេធ្វើរោគវិនិច្ឆ័យ ដោយឃើញថា ទ្រង់មានជំងឺមហារីក ហើយនឹងបដិសេធ ពីកាតព្វកិច្ចសាធារណៈ ដោយមិនបង្ហាញពីប្រភេទ និងដំណាក់កាលនៃជំងឺនោះទេ។
រាជវាំងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ថ្ងៃនេះព្រះមហាក្សត្រ ទ្រង់បានចាប់ ផ្តើមកាលវិភាគ នៃការព្យាបាលជាទៀងទាត់ ក្នុងអំឡុងពេលនោះទ្រង់ ត្រូវបានណែនាំដោយវេជ្ជបណ្ឌិត ឱ្យពន្យារពេលមុខងារសាធារណៈរបស់ទ្រង់” ។
ប្រភពបានធ្វើការប្រកាសបន្ទាប់ ពីស្តេចមានព្រះជន្ម ៧៥ វស្សាបានទទួលការព្យាបាលជំងឺក្រពេញប្រូស្តាតរីកធំនៅមន្ទីរពេទ្យកាលពីចុងខែមករា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ព្រះមហាក្សត្របានជ្រើសរើស ចែករំលែកការធ្វើរោគវិនិច្ឆ័យរបស់ទ្រង់ “ដើម្បីការពារការរំពឹងទុក និងដោយសង្ឃឹមថា វាអាចជួយការយល់ដឹង ជាសាធារណៈសម្រាប់អ្នកទាំងអស់នៅជុំវិញ ពិភពលោក ដែលរងផលប៉ះពាល់ ដោយជំងឺមហារីក”៕
ប្រែសម្រួល ឈូក បូរ៉ា