បរទេស ៖ កងកម្លាំងរបស់ពួកឧទ្ទាម ហួធី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងហួធី បានបាញ់មីស៊ីល ផ្លោងជាច្រើនគ្រាប់ ទៅលើនាវាដឹកទំនិញ នៅឯឆ្នេរសមុទ្រ យេម៉ែន កាលពីថ្ងៃអង្គារ, នេះបើតាមការបញ្ជាក់ពីទីបញ្ជាការ កណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) នៅក្នុងសេចក្តីថ្លែងការណ៍មួយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ចាប់តាំងពីពាក់កណ្តាលខែតុលាមក ក្រុមសកម្មប្រយុទ្ធនេះ ដែលមានមូលដ្ឋាននៅយេម៉ែន បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក និង វាយប្រហារកាំជ្រួចជាច្រើន សំដៅលើនាវា នៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ដោយអះអាងថា ខ្លួនកំពុងធ្វើសកម្មភាពគាំទ្រប៉ាឡេស្ទីន ជាលទ្ធផលនៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា។
យោងតាម CENTCOM ការវាយប្រហារចុងក្រោយបំផុត ដោយក្រុមដែលអាមេរិក ពិពណ៌នាថាជា “ភេរវករដែលគាំទ្រដោយអ៊ីរ៉ង់” បានកំណត់គោលដៅលើ នាវាពាណិជ្ជកម្មពីរគ្រឿង ។
CENTCOM បាននិយាយថា មីស៊ីលចំនួនបីគ្រាប់ ដែលបាញ់ចេញពី “តំបន់គ្រប់គ្រងដោយក្រុមហ៊ូធី នៃប្រទេសយេម៉ែន” ត្រូវបានបាញ់ឆ្ពោះទៅរក កប៉ាល់ដឹកទំនិញ Star Nasia ដែលគ្រប់គ្រងដោយក្រិក ដែលជិះនៅក្រោមទង់នៃកោះ Marshall ។
ក្រុមនាវិកបានរាយការណ៍ថា មានការផ្ទុះនៅជិតកប៉ាល់ ដែលបណ្តាលឱ្យខូចខាតបន្តិចបន្តួច ប៉ុន្តែមិនមានអ្នករងរបួសទេ។ បន្តិចក្រោយមក កាំជ្រួចមីស៊ីលមួយទៀតបានធ្លាក់នៅមិនឆ្ងាយប៉ុន្មានពីកប៉ាល់ «ដោយគ្មានប្រសិទ្ធភាព» ហើយមីស៊ីលទីបីត្រូវបានស្ទាក់ចាប់ដោយនាវាពិឃាត USS Laboon ដែលប្រតិបត្តិការនៅជិត Star Nasia ៕
ប្រែសម្រួលៈ ណៃ តុលា