បាងកក ៖ របាយការណ៍ក្នុងស្រុកបាននិយាយថា អតីតនាយករដ្ឋមន្ត្រីថៃ ដែ លត្រូវបានកាត់ទោសថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដោះលែង ឱ្យនៅក្រៅឃុំកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានអនុវត្ត ការកាត់ទោសរយៈពេល ៦ខែក្នុងរយៈពេល សរុបមួយឆ្នាំ។
លោក ថាក់ស៊ីន អាយុ ៧៤ ឆ្នាំ អមដំណើរដោយកូនៗ របស់លោក បានចាកចេញពីមន្ទីរពេទ្យប៉ូលីស ទូទៅក្នុងទីក្រុង បាងកក នៅម៉ោងប្រហែល ៦ ព្រឹក ហើយបានធ្វើដំណើរទៅ កាន់គេហដ្ឋាន ឯកជនរបស់លោកនៅភាគខាងលិច នៃរដ្ឋធានីបាងកក ក្រោយពីបានជាប់ទោសនៅមន្ទីរពេទ្យដោយសារជំងឺ បន្ទាប់ពីជាប់គុកតែប៉ុន្មានម៉ោង។
លោកថាក់ស៊ីន ស្ថិតក្នុងចំណោមបញ្ជីឈ្មោះ អ្នកទោស ដែលត្រូវបានអនុម័ត ឱ្យដោះលែង ដោយគណៈកម្មាធិការ ក្រសួងយុត្តិធម៌ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចជាអាយុចាស់ និងស្ថានភាពសុខភាព។
លោកថាក់ស៊ីនបានចាកចេញ ពីមន្ទីរពេទ្យដោយពាក់ម៉ាស់មុខ ហើយមិនបានឆ្លើយតបនឹង សំណួររបស់អ្នកសារព័ត៌មាននោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោកបានបម្រើការជា នាយករដ្ឋមន្ត្រីថៃ ចាប់ពីខែកុម្ភៈ ឆ្នាំ២០០១ រហូតដល់ខែកញ្ញា ឆ្នាំ២០០៦ នៅពេលដែលលោកត្រូវបានផ្តួល រំលំដោយរដ្ឋប្រហារយោធា ខណៈលោកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។
ពេលកំពុងនិរទេសខ្លួនដោយខ្លួនឯង លោករស់នៅជាចម្បង ក្នុងទីក្រុងឌូបៃ ហើយត្រូវបានកាត់ទោសកំបាំង មុខពីបទពុករលួយ និងបទចោទប្រកាន់ផ្សេងទៀត ដោយទទួលការកាត់ទោស ដាក់ពន្ធនាគាររយៈពេល ៨ឆ្នាំ៕
ប្រែសម្រួល ឈូក បូរ៉ា