.ម៉ូស្គូ៖ កាលពីថ្ងៃសៅរ៍ លោក Sergei Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានថ្លែងថា កងទ័ពរបស់ប្រទេសរុស្ស៊ី បានគ្រប់គ្រងទាំងស្រុងទីក្រុង Avdiivka ដែលនៅជិតក្រុង Donetsk ។
ក្រសួងការពារជាតិបានប្រកាសនៅលើបណ្តាញ Telegram របស់ខ្លួនយ៉ាងដូច្នេះថា លោក Shoigu បានរាយការណ៍ជូនដល់លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅវិមានក្រឹមឡាំងថា កងទ័ពនៃក្រុម Center ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក Andrey Mordvichev បានដណ្តើមកាន់កាប់យកទីក្រុង Avdiivka ទាំងស្រុងហើយ ។
ក្រសួងខាងលើបានឲ្យដឹងថា កងទ័ពរុស្ស៊ី បានដណ្តើមកាន់កាប់ទឹកដីចំនួន ៣១,៧៥គីឡូម៉ែត្រក្រឡា ពីកងកម្លាំង របស់អ៊ុយក្រែន ហើយអ៊ុយក្រែន បានបាត់បង់ទាហានជាង១.៥០០នាក់ក្នុងការប្រយុទ្ធគ្នាសម្រាប់ការរក្សាក្រុង Avdiivka ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។
ក្រសួងដដែលនេះបានឲ្យដឹងថា “ស្ថិតក្រោមឥទ្ធិពល នៃការបាញ់ប្រហារ ជាបន្តបន្ទាប់របស់កងទ័ពរុស្ស៊ី មានតែក្រុមសកម្មប្រយុទ្ធអ៊ុយក្រែន ដែលបែកខ្ញែកដាច់ដោយឡែកពីគ្នាប៉ុណ្ណោះដែលអាចចាកចេញពីក្រុង Avdiivka យ៉ាងប្រញាប់ប្រញាល់ បំផុតដោយបោះបង់ចោលអាវុធ និងឧបករណ៍យោធា របស់ពួកគេ។ បច្ចុប្បន្ននេះ វិធានការកំពុងត្រូវបានធ្វើឡើងដើម្បីបោសសម្អាត ទីក្រុងរបស់ពួកសកម្មប្រយុទ្ធ ដោយធ្វើរារាំងដល់អង្គភាពអ៊ុយក្រែន” ។
ក្រសួងបានឲ្យដឹងទៀតថា ការគ្រប់គ្រងទាំងស្រុងក្រុង Avdiivka បានអនុញ្ញាតឱ្យកងទ័ពរុស្ស៊ី រុញច្រានខ្សែជួរមុខពីទីក្រុង Donetsk មកវិញ ដូច្នេះហើយបានធានាសន្តិសុខយ៉ាងខ្លាំង ដល់យោធាពីការវាយប្រហារ របស់អ៊ុយក្រែន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា