ព័ត៌មានអន្តរជាតិ

កាណាដា នឹងផ្តល់យន្តហោះ គ្មានមនុស្សបើកជាង៨០០គ្រឿង ទៅឱ្យអ៊ុយក្រែន

AFP

បរទេស៖ រដ្ឋមន្ត្រីការពារជាតិកាណាដា លោក Bill Blair បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសកាណាដានឹងបរិច្ចាគយន្តហោះគ្មានមនុស្សបើកប្រភេទ SkyRanger R70 ជាង ៨០០ គ្រឿងដល់ប្រទេសអ៊ុយក្រែន។ ទីក្រុងគៀវបានពឹងផ្អែកយ៉ាងខ្លាំងលើយន្តហោះគ្មានមនុស្សបើក (UAVs) ប្រភេទ ពាណិជ្ជកម្ម និងយោធា ក្នុងអំឡុងពេលជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី ដែលនឹងឈានចូលដល់ឆ្នាំទីបីរបស់ខ្លួននៅថ្ងៃទី ២៤ ខែកុម្ភៈនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Bill Blair បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Toronto ថា “យន្តហោះគ្មានមនុស្សបើកទាំងនេះនឹងជួយកងទ័ពជួរមុខរបស់អ៊ុយក្រែនវាយតម្លៃគោលដៅ និងការគំរាមកំហែងយ៉ាងឆាប់រហ័សជាមួយនឹងភាពត្រឹមត្រូវ និងប្រសិទ្ធភាព” ។

R70s អាច​ប្រើ​សម្រាប់​បេសកកម្ម​ឈ្លបយកការណ៍ និង​អាច​ផ្ទុក​ទម្ងន់​បាន​ដល់​ទៅ ៣,៥ គីឡូក្រាម។

UAVs គឺជាផ្នែកមួយនៃកញ្ចប់ជំនួយចំនួន ៣៧០ លានដុល្លារ ដែលបានសន្យាចំពោះទីក្រុងគៀវដោយរដ្ឋាភិបាលកាណាដាក្នុងខែមិថុនា ឆ្នាំ ២០២៣។ សរុបមក រដ្ឋាភិបាលទីក្រុងអូតាវ៉ា បានផ្តល់ជំនួយចំនួន ១,៧៨ ពាន់លានដុល្លារចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ រួមទាំងរថក្រោះ រថពាសដែក និងកាំភ្លើងធំ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top