ព័ត៌មានអន្តរជាតិ

យានអវកាស Odysseus របស់អាមេរិក ធ្វើការចុះចតលើភពព្រះច័ន្ ទជាលើកដំបូង ចាប់តាំងពីឆ្នាំ ១៩៧២

រូបភាពពី៖​ AFP

អមេរិក៖ យានអវកាស Odysseus lander រចនាឡើងដោយក្រុមហ៊ុនអាកាសចរណ៍ឯកជន Intuitive Machines បានក្លាយជាយានអវកាសដំបូងគេដែលផលិតដោយសហរដ្ឋអាមេរិកបានចុះចតនៅលើភពព្រះច័ន្ទចាប់តាំងពីឆ្នាំ ១៩៧២ ខណៈយានអវកាសនេះត្រូវបានបាញ់បង្ហោះនៅលើរ៉ុក្កែត SpaceX Falcon 9 កាលពីថ្ងៃទី ១៥ ខែកុម្ភៈ។

លោក Tim Crain សហស្ថាបនិកនៃក្រុមហ៊ុន Intuitive Machines បាននិយាយក្នុងអំឡុងពេលផ្សាយផ្ទាល់ថា ដោយគ្មានការសង្ស័យ ឧបករណ៍របស់យើងគឺស្ថិតនៅលើផ្ទៃព្រះច័ន្ទ ហើយយើងកំពុងបញ្ជូនបន្ត។ អ្នកគ្រប់គ្រងណាសា “NASA” លោក Bill Nelson បាននិយាយភ្លាមៗបន្ទាប់ពីយានចុះចតកម្ពស់ ១៤ ហ្វីត បានទៅដល់ផ្ទៃព្រះច័ន្ទដោយជោគជ័យថា ថ្ងៃនេះជាលើកដំបូងក្នុងរយៈពេលជាងកន្លះសតវត្ស សហរដ្ឋអាមេរិកបានវិលត្រឡប់មកឋានព្រះច័ន្ទវិញ ។

ថ្ងៃនេះជាថ្ងៃដែលបង្ហាញពីអំណាច និងការសន្យានៃភាពជាដៃគូពាណិជ្ជកម្មរបស់អង្គការអវកាសណាសា “NASA”របស់អាមេរិក ខណៈពេលកំពុងធ្វើដំណើរជុំវិញព្រះច័ន្ទ Odysseus បានថតរូបភាពនៃរណ្ដៅ Bel’kovich ។
យានចុះចតមានឧបករណ៍ស្រាវជ្រាវចំនួន ៦ របស់ណាសា រួមទាំងឧបករណ៍សម្រាប់វិភាគដីលើភពព្រះច័ន្ទ និងប្លាស្មាអេឡិចត្រុង។ យាន Odysseus ក៏មានស្នាដៃរបស់វិចិត្រករជនជាតិអាមេរិក Jeff Koons ជាប្រអប់ថ្លាមួយដែលមានរូបចម្លាក់រាងមូលដែកអ៊ីណុកចំនួន ១២៥ តំណាងឲ្យដំណាក់កាលនៃព្រះច័ន្ទ។

អាមេរិកបានបញ្ឈប់ការបញ្ជូនអ្នកចុះចតនៅលើភពព្រះច័ន្ទ បន្ទាប់ពីបេសកកម្ម Apollo 17 បានបញ្ចប់កាលខែធ្នូ ឆ្នាំ ១៩៧២។ កាលពីខែមុន អង្គការណាសាបានប្រកាសថា បេសកកម្ម Artemis II របស់ខ្លួន ជាយានហោះហើរលើភពព្រះច័ន្ទ ត្រូវបានពន្យារពេលរហូតដល់ខែកញ្ញា ឆ្នាំ២០២៥។ ការវិលត្រឡប់របស់អវកាសយានិកនៅលើភពព្រះច័ន្ទ ឥឡូវនេះត្រូវបានរំពឹងទុកនាខែកញ្ញា ឆ្នាំ ២០២៦៕ ដោយ៖លី ភីលីព

Most Popular

To Top