ស៊ីដនី ៖ អាជ្ញាធរបាននិយាយថា អ្នកស្រុករាប់ម៉ឺននាក់ នៅភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី ត្រូវបានគេប្រាប់ឲ្យជម្លៀសខ្លួន កាលពីថ្ងៃពុធ ដោយសារតែរលកកម្ដៅខ្លាំង អាចរីករាលដាលបន្ថែមទៀត នូវភ្លើងឆេះព្រៃដ៏ធំមួយនៅរដ្ឋ Victoria ដែលប្រឈមនឹងស្ថានភាព ដ៏អាក្រក់បំផុត ក្នុងរយៈពេល ៤ ឆ្នាំ។
ការិយាល័យ ឧតុនិយមបាននិយាយថា ការវាយតម្លៃភ្លើងឆេះខ្លាំងត្រូវបានចេញ សម្រាប់ផ្នែកធំនៃ Victoria ជាមួយនឹងតំបន់ Wimmera នៅភាគខាងលិច ដែលផ្តល់ចំណាត់ថ្នាក់ គ្រោះមហន្តរាយ ជាកម្រិតព្រមានកំពូល។ Mildura ជាទីក្រុងជនបទមានប្រហែលប្រជាជន ៥៦,០០០នាក់ ហើយកម្តៅអាចឡើង ដល់ ៤៥ អង្សាសេ ។
តំបន់ផលប៉ះពាល់ភ្លើង ដ៏មានសក្តានុពលដែលគ្របដណ្តប់ទីក្រុងជនបទ ជាច្រើនត្រូវបាន គេកំណត់អត្តសញ្ញាណ ខណៈក្រុមមន្ត្រីបានជំរុញ ឲ្យអ្នកស្រុកប្រហែល ៣០,០០០ នាក់ នៅទីនោះឲ្យចាកចេញពីផ្ទះ របស់ពួកគេនៅព្រឹកថ្ងៃពុធ ។
លោក Jason Heffernan ប្រធានផ្នែកពន្លត់អគ្គីភ័យ Victoria បានប្រាប់ទូរទស្សន៍ ABC ថា ថ្ងៃនេះនឹងក្លាយជាថ្ងៃដ៏លំបាក សម្រាប់អ្នកពន្លត់អគ្គីភ័យ ។ ថ្ងៃនេះជាថ្ងៃមួយក្នុងចំណោមថ្ងៃទាំងនោះ ដែលសហគមន៍អាចនឹងត្រូវចាត់វិធានការ ជាបន្ទាន់នៅការជូនដំណឹងខ្លីបំផុត ។
អ្នកពន្លត់អគ្គីភ័យរាប់រយនាក់ នៅតែកំពុងប្រយុទ្ធនឹងការឆាបឆេះដ៏ធំមួយនៅជិតទីក្រុង Ballarat ចម្ងាយ ៩៥ គីឡូម៉ែត្រភាគខាងលិចទីក្រុងមែលប៊ន។ ភ្លើងដែលឆេះតាំងពីថ្ងៃព្រហស្បតិ៍មុន បានបំផ្លាញផ្ទះ៦ខ្នងរួចហើយ សម្លាប់សត្វពាហនៈ និងឆេះអស់ជាង២ម៉ឺនហិចតា (២០០គីឡូម៉ែត្រក្រឡា) ។
រលកកម្ដៅនឹងបោកបក់ចេញ ពីផ្នែកខាងក្នុង ខាងក្រៅរបស់ប្រទេសអូស្ត្រាលី ដោយរំកិលឆ្លងកាត់ Victoria មុនពេលដែលទំនង ជាផ្លាស់ប្តូរទិសឦសានទៅកាន់រដ្ឋ New South Wales នៅថ្ងៃព្រហស្បតិ៍។ ការហាមប្រាមភ្លើងឆេះទាំងស្រុងនៅទូទាំងទីក្រុងជាច្រើន រួមទាំងទីក្រុងមែលប៊នផងដែរ ។
លោក Heffernan បានបន្តថា ផ្លេកបន្ទោរស្ងួត អាចបង្កឲ្យមានអគ្គីភ័យថ្មី ខណៈការព្យាករណ៍ខ្យល់បក់ខ្លាំង ចាប់ពីរសៀលថ្ងៃពុធ អាចរាលដាលដល់កន្លែង ដែលមានស្រាប់នៅជិត Ballarat ។ លោក Heffernan បានជំរុញឱ្យប្រជាជនពិចារណាឡើងវិញ នូវការសម្រេចចិត្តណាមួយ ដើម្បីបន្តការពារផ្ទះរបស់ពួកគេ ។
លោកបានបន្ថែមថា លុះត្រាតែទ្រព្យសម្បត្តិរបស់អ្នកត្រូវបានរៀបចំយ៉ាងល្អឥតខ្ចោះ ហើយអ្នកមានធនធាន ពន្លត់អគ្គីភ័យ ហើយអ្នកមានកាយសម្បទា ហើយអ្នកមានស្មារតីគ្រប់គ្រាន់ ដើម្បីទ្រទ្រង់ការពន្លត់អគ្គីភ័យរយៈពេលយូរ ដំបូន្មានដ៏រឹងមាំរបស់ខ្ញុំទៅកាន់សហគមន៍ គឺត្រូវចាកចេញឲ្យបានឆាប់ ៕
ដោយ៖លី ភីលីព