បរទេស ៖យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងយោធា របស់ប្រទេសរុស្សី ជាច្រើនបាននិយាយថា រដ្ឋាភិបាលវ៉ាស៊ីនតោន មកទល់ពេលនេះ បានផ្តល់រថក្រោះតិចតួចប៉ុណ្ណោះ ទៅដល់ទីក្រុងគៀវ ដែលវាបានធ្វើឲ្យកងកម្លាំង របស់ខ្លួនអាចតាមប្រមាញ់ពួកគេ ដើម្បីទទួលបានប្រាក់រង្វាន់យ៉ាងច្រើន។

ទាហានរុស្ស៊ីបានថតវីដេអូដោយម្នាក់ ក្នុងចំណោមពួកគេបាននិយាយចំអក អរគុណប្រធានាធិបតីអាមេរិក Joe Biden សម្រាប់ការផ្គត់ផ្គង់ រថក្រោះ Abrams ទៅឲ្យទីក្រុងគៀវនិង ផ្តល់ឱកាសឱ្យកងកម្លាំង របស់ទីក្រុងមូស្គូទទួល បានប្រាក់បន្ថែមខ្លះ ដោយការបាញ់បំផ្លាញរថក្រោះទាំងនោះ។
វីដេអូបានកើតឡើងចំពេលមានរបាយការណ៍ អំពីបំណែកពាសដែកធុនធ្ងន់ ដែលផលិតដោយសហរដ្ឋអាមេរិកមួយចំនួនត្រូវបានបំផ្លាញក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង។
ឃ្លីបវិដេអូខ្លីមួយ ដែលត្រូវបានចាក់ផ្សាយ លើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញ ពីទាហានរុស្ស៊ីម្នាក់ ពាក់ឧបករណ៍យោធា ពេញលេញ មួកសុវត្ថិភាព និងរបាំងមុខដោយ និយាយថា ៖យើង អ្នកចម្បាំងរុស្ស៊ី សូមថ្លែងអំណរគុណ យ៉ាងស្មោះស្ម័គ្រចំពោះអ្នក ចំពោះរថក្រោះ Abrams ដែលសហរដ្ឋអាមេរិកកំពុងផ្គត់ផ្គង់ ដល់អ៊ុយក្រែនហើយទាហានទាំងនោះអាច ត្រូវបានគេឮនិយាយនៅលើវីដេអូនូវ ឈ្មោះប្រធានាធិបតីអាមេរិក ជាភាសាអង់គ្លេសទៀតផង ៕
ប្រែសម្រួល៖ស៊ុនលី
