បរទេស៖ ប្រធានសាជីវកម្មអវកាសរដ្ឋរបស់រុស្ស៊ី Roscosmos លោក Yury Borisov បានប្រាប់ឲ្យដឹងថា មន្ត្រីអវកាសរុស្ស៊ី និងចិន កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើគម្រោងរួមគ្នាមួយ ដើម្បីដំឡើងស្ថានីយ៍ថាមពលនុយក្លេអ៊ែរ នៅលើឋានព្រះច័ន្ទ ក្នុងពេលប្រហែលមួយទស្សវត្សរ៍ ដើម្បីបង្កើតថាមពលអគ្គិសនីសម្រាប់ការតាំងលំនៅឋានព្រះច័ន្ទនាពេលអនាគត។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Borisov ដែលជាអតីតឧបនាយករដ្ឋមន្ត្រីដែលត្រូវបានតែងតាំងជាប្រធានទីភ្នាក់ងារអវកាសរុស្ស៊ីក្នុងឆ្នាំ ២០២២ បានអះអាងកាលពីថ្ងៃអង្គារថាបច្ចេកវិទ្យាដែលត្រូវការសម្រាប់ការអភិវឌ្ឍនុយក្លេអ៊ែរលើឋានព្រះច័ន្ទគឺជិតរួចរាល់ហើយ។ លោកបាននិយាយនៅឯមហោស្រពយុវជនពិភពលោកនៅជិតទីក្រុង Sochi ថា “ថ្ងៃនេះយើងកំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើគម្រោងមួយ, កន្លែងណាមួយនៃការវិវឌ្ឍន៍ថ្មីឆ្នាំ ២០៣៣-២០៣៥ ដើម្បីជួយ និងដំឡើងអង្គភាពថាមពលលើផ្ទៃឋានព្រះចន្ទរួមជាមួយនឹងសហសេវិកចិនរបស់យើង” ។
លោក Borisov បាននិយាយថា ថាមពលនុយក្លេអ៊ែរអាចជាដំណោះស្រាយសម្រាប់ការផ្តល់ថាមពលដែលត្រូវការសម្រាប់ការតាំងទីលំនៅនៅលើឋានព្រះច័ន្ទ។ លោកបានអះអាងថា បន្ទះស្រូបពន្លឺព្រះអាទិត្យនឹងមិនអាចបង្កើតអគ្គិសនីបានគ្រប់គ្រាន់ទេ។ មនុស្សយន្តនឹងត្រូវបានប្រើដើម្បីដំឡើងរ៉េអាក់ទ័រ។
លោក Borisov បានបន្ថែមថា ឧបសគ្គខាងបច្ចេកវិទ្យាតែមួយគត់ដែលមិនត្រូវបានដោះស្រាយនោះគឺដំណោះស្រាយសម្រាប់ធ្វើឱ្យម៉ាស៊ីនរ៉េអាក់ទ័រត្រជាក់។ លោកថា៖ «យើងកំពុងធ្វើការលើការទាញថាមពលលើអវកាស៕ ប្រែសម្រួលៈ ណៃ តុលា