យប់មិញនេះ ជាព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលខ្លាំងបំផុតក្នុងពិភពបណ្តាញសង្គម ដោយ Facebook និង Instagram របស់ក្រុមហ៊ុន Meta ត្រូវបានគាំង Log in មិនចូល អស់រយៈពេលជាច្រើន ម៉ោង។
អ្នកប្រើប្រាស់ជាច្រើន បានចូលទៅប្រើប្រាស់ Platform ផ្សេងៗ ដូចជា TikTok, X, Telgram… ដើម្បីបង្ហោះសួរគ្នា និងប្រាប់គ្នាអំពីករណី Facebook down នេះ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺលោក Elon Musk ដែលជាម្ចាស់បណ្តាញសង្គម X ក៏បានបង្ហោះផ្លែផ្កាបញ្ឆិតបញ្ឆៀងលើការ error របស់ Facebook ផងដែរ។
ភ្លាមៗក្រោយ Facebook បានគាំងនោះ លោកបានសរសេរបង្ហោះនៅលើគណនី X ដោយបានដាក់រូបភាព និង status ក្នុងន័យឌឺដងថា «ប្រសិនបើអ្នកកំពុងអានការបង្ហោះមួយនេះ គឺមានន័យថា server របស់យើង កំពុងធ្វើការ»។ លោកចង់សំដៅថា បណ្តាញសង្គម X របស់លោក ពុំមានបញ្ហាគាំង server អ្វីឡើយ នៅដំណើរការធម្មតា មិនដូចបណ្តាញសង្គមរបស់ក្រុមហ៊ុន Meta នោះទេ។
យ៉ាងណាមិញ ស្ថាបនិក Meta លោក Mark Zuckerberg ក៏បានបានប្រើបណ្តាញសង្គម X ជាកន្លែងដែលលោកបង្ហោះសារឌឺដងដាក់ Elon Musk វិញផងដែរ។ ក្នុងពេលដែល Facebook កំពុងគាំងនោះ លោក Mark Zuckerberg បានសរសេរថា «មនុស្សនឹងមិននៅទីនេះ (X) ទៀតទេ នៅពេលដែល App របស់ខ្ញុំទាំងអស់ ដំណើរការមកវិញ។ ខ្ញុំភ្នាល់ថា Elon នឹងភ្ញាក់ផ្អើលនៅពេលអ្នកប្រើប្រាស់ជាច្រើន ចាកចេញពីទីនេះ»។
ក្រោយមកទៀត ពេលដែលបញ្ហា Facebook ត្រូវបានដោះស្រាយរួច លោក Mark Zuckerberg បានសរសេរថែមចុងក្រោយថា «អ្នកអាចចាកចេញពី App លាមកនេះបានហើយ»។
គួររំលឹកថា កាលពីឆ្នាំមុន លោក Elon Musk ក៏ធ្លាប់បាននិយាយពីក្រុមហ៊ុន Meta ដែរថា ក្រុមហ៊ុនរបស់លោក Mark Zuckerberg នេះ បានដើរតាមគន្លងផ្លូវក្រុមហ៊ុនរបស់លោក ចំពោះការគិតថ្លៃសេវាប្រចាំខែពីអ្នកប្រើប្រាស់ ដើម្បីបានទទួលការបញ្ជាក់គណនីផ្លូវការ ឬ Verified Account៕ ប្រភព៖sabay