ព័ត៌មានអន្តរជាតិ

Update៖ អ៊ីស្រាអ៊ែល ទទួលការឆ្លើយតបរបស់ក្រុមឧទ្ទាម ហាម៉ាស់អំពីសំណើចុះកិច្ចព្រមព្រៀង បទឈប់បាញ់គ្នា

យេរ៉ូសាឡឹម៖ មន្ត្រីអ៊ីស្រាអ៊ែលម្នាក់បានបញ្ជាក់ប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា ប្រទេសអ៊ីស្រាអ៊ែល បានទទួលការឆ្លើយតបរបស់ក្រុមហាម៉ាស់ចំពោះសំណើចុះកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីមួយដែលកើតចេញពីអ្នកសម្រុះសម្រួលនៃប្រទេសកាតាកាលពីថ្ងៃព្រហស្បតិ៍ ។


លោក David Barnea ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad របស់ប្រទេសអ៊ីស្រាអ៊ែល បានទទួលការឆ្លើយតបជាលាយលក្ខណ៍អក្សរពីនាយករដ្ឋមន្ត្រីនៃប្រទេសកាតា គឺលោក Sheikh Mohammed bin Abdulrahman bin Jassim Al Thani ។ នេះបើយោងតាមមន្ត្រីដែលបានប្រាប់ឲ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបញ្ជាក់ដូច្នេះ ។

ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល Benjamin Netanyahu បានចេញសេចក្តីថ្លែងការណ៍មួយដោយបាដាក់ថា ក្រុមហាម៉ាស់ “បន្តពង្រឹងខ្លួនជាមួយនឹងការទាមទារដែលគ្មានមូលដ្ឋានអ្វីសោះ” ។ ការិយាល័យខាងលើនេះបានឲ្យដឹងទៀតថា គណៈរដ្ឋមន្ត្រីសម័យសង្គ្រាមត្រូវបានគេរំពឹងថា នឹងកោះប្រជុំនៅថ្ងៃសុក្រនេះដើម្បីពិភាក្សាអំពីសំណើនេះ ។

ទោះបីជាមានការអត្ថាធិប្បាយពីការិយាល័យនាយករដ្ឋមន្ត្រីក្តី សារព័ត៌មានរដ្ឋរបស់អ៊ីស្រាអ៊ែល ឈ្មោះថា Kan TV បានរាយការណ៍ឲ្យដឹងថា ឯកសារនេះរួមមានបញ្ជីនៃការទាមទារដែលអ៊ីស្រាអ៊ែល បានចាត់ទុកថា “សមហេតុផល” ។

គេបានដឹងច្បាស់ថា ក្រុមហាម៉ាស់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានដាក់ថា ខ្លួនបានបង្ហាញ “ចក្ខុវិស័យដ៏ទូលំទូលាយ” នៃបទឈប់បាញ់គ្នា ដែលរួមមានបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងដែលឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សា គិតចាប់តាំងពីក្រុមនេះបានបើកការវាយប្រហារដ៏សាហាវរបស់ខ្លួនមកលើអ៊ីស្រាអ៊ែល កាលពីថ្ងៃទី៧ ខែតុលាឆ្នាំមុន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top