ព័ត៌មានអន្តរជាតិ

អាមេរិក​-​អង់គ្លេស បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ចំនួន ៤​លើក​លើ​ក្រុង​កំពង់​ផែ ​របស់​យេម៉ែន

Sanaa/IBNS/UNI

សានណា៖ កងកម្លាំងទ័ពជើងទឹកសហរដ្ឋអាមេរិក និងអង់គ្លេស បានធ្វើការវាយប្រហារតាមអាកាសចំនួន ៤ដងលើទីក្រុងកំពង់ផែ Hodeidah របស់យេម៉ែន ភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ នេះបើតាមទូរទស្សន៍ al-Masirah ដែលគ្រប់គ្រងដោយ Houthi ។

យោងតាមប៉ុស្តិ៍ទូរទស្សន៍ បានឱ្យដឹងថា ការវាយប្រហារបានផ្តោតទៅលើសង្កាត់ភាគខាងត្បូងនៃទីក្រុង Durayhimi និងនៅក្នុងទីក្រុងនេះ ដោយមិនមានព័ត៌មានលម្អិតភ្លាមៗអំពីអ្នកស្លាប់ និងការខូចខាតនោះទេ។

ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន ក្រុម Houthis បានផ្តួចផ្តើមការវាយប្រហារលើការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ដោយលើកឡើងពីការសងសឹក ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្រ្ទីប ដែលជាហេតុផលរបស់ពួកគេ។

ជាការឆ្លើយតប សហរដ្ឋអាមេរិក និងអង់គ្លេសបានធ្វើការវាយប្រហារតាមផ្លូវអាកាស និងមីស៊ីលប្រឆាំងនឹងគោលដៅរបស់ក្រុម Houthi ក្នុងប្រទេសយេម៉ែន ចាប់តាំងពីពាក់កណ្តាលខែមករា។

ទោះបីជាយ៉ាងណាក៏ដោយ ជំនួសឱ្យការរារាំងក្រុម Houthi ឬធ្វើឱ្យចុះខ្សោយសមត្ថភាព ការវាយប្រហារទាំងនេះហាក់ដូចជាបាននាំឱ្យមានការកើនឡើងនៃការវាយប្រហារដោយកងកម្លាំង Houthi បន្ថែមទៀត៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top