ព័ត៌មានអន្តរជាតិ

រុស្សី រាយការណ៍ពីការ វាយប្រហារតាមអ៊ីនធឺណិត ដ៏ធំនៅលើប្រព័ន្ធបោះឆ្នោត អេឡិចត្រូនិករបស់ខ្លួន

Xinhua

ម៉ូស្គូ ៖ អាជ្ញាធររៀបចំការបោះឆ្នោតរុស្ស៊ី បានឲ្យដឹងថា ការវាយប្រហារ តាមអ៊ីនធឺណិតប្រហែល ១៦ម៉ឺនករណី លើធនធានបោះឆ្នោត តាមប្រព័ន្ធអេឡិចត្រូនិក ពីចម្ងាយរបស់ប្រទេស ត្រូវបានរារាំង។

លោកស្រី Ella Pamfilova ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈិមរុស្ស៊ី បានឲ្យដឹងថា ការវាយប្រហារត្រូវបានដឹកនាំ ជាចម្បងឆ្ពោះទៅកាន់វិបផតថលបោះឆ្នោត ដោយការវាយប្រហារចំនួន ៣ម៉ឺនបានចាប់ផ្តើមប្រឆាំងនឹងច្រកត្រួតពិនិត្យ សម្រាប់ប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិកពីចម្ងាយ។

លោកស្រី Pamfilova បានកត់សម្គាល់ថាសកម្មភាពវាយប្រហារតាមអ៊ីនធឺណិត បានកើនឡើងយ៉ាងខ្លាំងនៅថ្ងៃសៅរ៍ ដែលដំបូងឡើយចាប់ពីថ្ងៃសុក្រ ហើយបានបញ្ចប់ដោយការបរាជ័យ។

លោក Vadim Kovalev ប្រធានការិយាល័យកណ្តាលសាធារណៈ សម្រាប់ការសង្កេតការបោះឆ្នោតនៅទីក្រុងមូស្គូ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថាការវាយប្រហារតាមអ៊ីនធឺណិតលើប្រព័ន្ធព័ត៌មានរបស់ទីក្រុងម៉ូស្គូត្រូវបានតាមដានដល់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

លោក Kovalev បានលើកឡើងថា “យើងឃើញថាភាគច្រើននៃម៉ាស៊ីនមេ ដែលការវាយប្រហារមកពី មានទីតាំងនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស យ៉ាងហោចណាស់វា គឺជាវិធីដែលពួកគេត្រូវបានរកឃើញ” ។

ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី លើកទី៨ គ្រោងធ្វើឡើងនៅថ្ងៃទី១៥-១៧ ខែមីនា។ ការបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិក ពីចម្ងាយត្រូវបានណែនាំទៅកាន់ផ្នែកខ្លះនៃប្រទេសនេះជាលើកដំបូង៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top