ហ្គាហ្សា៖ ក្រសួងសុខាភិបាលហាម៉ាស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហារបន្តរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣១,៥៥៣ នាក់ហើយ។
យោងតាមក្រសួងបានឱ្យដឹងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៦៣នាក់ និងរបួស ១១២នាក់ទៀត ដែលធ្វើអោយចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣១,៥៥៣នាក់ និងរបួសដល់ ៧៣,៥៤៦នាក់ចាប់តាំងពីជម្លោះអ៊ីស្រាអែល និង ហាម៉ាស បានផ្ទុះឡើង។
ទន្ទឹមនឹងនេះ ក្រសួងការបរទេស និងជនបរទេសប៉ាឡេស្ទីនបានជំរុញឱ្យមានអន្តរាគមន៍មនុស្សធម៌អន្តរជាតិ តាមរយៈដំណោះស្រាយ ដែលចងនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបង្ខំអ៊ីស្រាអែល ឱ្យបញ្ឈប់ការវាយប្រហាររបស់ខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីប ដោយធានាសុវត្ថិភាពរបស់ជនស៊ីវិល និងការផ្តល់ជំនួយនៅក្នុងរបៀបនិរន្តរភាព។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសបានគូសបញ្ជាក់ថា អ៊ីស្រាអែលនៅតែបន្តគំរាមកំហែងឈ្លានពានទីក្រុងរ៉ាហ្វា ដោយមិនផ្តល់ផែនការជាក់ស្តែង ដើម្បីការពារជនស៊ីវិល និងដោះស្រាយតម្រូវការមនុស្សធម៌ជាមូលដ្ឋានរបស់ពួកគេ។
អ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមហាម៉ាសឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០ នាក់បានស្លាប់ និងជាង ២០០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕
ប្រែសម្រួល ឈូក បូរ៉ា