បរទេស ៖ យោធាចិន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន កាលពីថ្ងៃអាទិត្យបានចោទប្រកាន់សហរដ្ឋអាមេរិកពីការគំរាមកំហែងសន្តិសុខពិភពលោក ប៉ុន្មានថ្ងៃបន្ទាប់ពីរបាយការណ៍របស់ Reuters ដែលបានរកឃើញថា ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអាមេរិក លោក Elon Musk កំពុងសាងសង់ផ្កាយរណប ចារកម្មរាប់រយ សម្រាប់ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់របស់សហរដ្ឋអាមេរិក ។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា អង្គភាព Starshield របស់ SpaceX កំពុងអភិវឌ្ឍបណ្តាញ ផ្កាយរណបក្រោមកិច្ចសន្យាតម្លៃ ១,៨ ពាន់លានដុល្លារជាមួយ ការិយាល័យស្រាវជ្រាវជាតិ (NRO) ។ Reuters បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពចំនួនប្រាំ ដែលស្គាល់ពីកម្មវិធីនេះ ។
គណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលគ្រប់គ្រងដោយកងទ័ពរំដោះប្រជាជន (PLA) បាននិយាយថា កម្មវិធី SpaceX បានលាតត្រដាង “ភាពអៀនខ្មាស និងស្តង់ដារទ្វេរដង ” របស់សហរដ្ឋអាមេរិក ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាចិនថា បានគំរាមកំហែងសន្តិសុខ សហរដ្ឋអាមេរិក ។
Junzhengping ដែលជាគណនី មួយដំណើរការដោយ PLA បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo កាលពីថ្ងៃអាទិត្យថា “យើងជំរុញឱ្យក្រុមហ៊ុនអាមេរិក កុំជួយមនុស្សអាក្រក់ធ្វើអំពើអាក្រក់” ។ គណនីនេះមានអ្នកតាមដាន ១,១ លាននាក់។
សារបង្ហោះបាននិយាយថា “ប្រទេសទាំងអស់នៅទូទាំងពិភពលោក គួរតែមានការប្រុងប្រយ័ត្ន និងការពារប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខថ្មី និងកាន់តែធំដែលបង្កើតឡើង ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក”។
លោក Wang Yanan ដែលជានិពន្ធនាយកនៃ Aerospace Knowledge ដែលជាទស្សនាវដ្តីដែលគ្រប់គ្រងដោយបក្សកុម្មុយនិស្តកំពុងកាន់អំណាច ត្រូវបានដកស្រង់សម្តី នៅក្នុងបទសម្ភាសន៍មួយ ដោយនិយាយថា គម្រោងផ្កាយរណប SpaceX បង្កបញ្ហាប្រឈមចំពោះសន្តិសុខ និងស្ថិរភាពពិភពលោក ៕
ប្រែសម្រួលៈ ណៃ តុលា