ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី វៀតណាម ប្រកាសលាលែង ពីមុខតំណែង

Xinhua

ហាណូយ៖ ទីភ្នាក់ងារសារព័ត៌មាន វៀតណាមបានរាយការណ៍ឲ្យដឹងថា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាមកាលពីថ្ងៃពុធ បានទទួលយកការលាលែង ពីតំណែងរបស់លោក Vo Van Thuong ប្រធានាធិបតីវៀតណាម តាមសំណើផ្ទាល់ខ្លួនរបស់គាត់ ។

លោក Thuong នឹង ចាកចេញពីមុខតំណែងជាសមាជិក ការិយាល័យនយោបាយផងដែរ ។ នេះបើយោង តាមសេចក្តីសម្រេច ដែលបានប្រកាស នៅក្នុងសម័យប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការ ។

សេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយបន្ទាប់ ពីកិច្ចប្រជុំបានឲ្យដឹងថា លោក Thuong គឺជាមេដឹកនាំដ៏សំខាន់ នៃបក្សកុម្មុយនិស្ត និងរដ្ឋ ហើយត្រូវបានចាត់តាំង ឱ្យកាន់តំណែងជាអ្នកដឹក នាំសំខាន់ៗជាច្រើន ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការអធិការកិច្ចមជ្ឈិម និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតបានឲ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ លោក Thuong បានបំពានលើបទប្បញ្ញត្តិរបស់បក្ស ។

ការបំពានរបស់លោក Thuong បានជះឥទ្ធិពលអវិជ្ជមានដល់ការយល់ឃើញរបស់សាធារណៈជន ក៏ដូចជាកេរ្តិ៍ឈ្មោះរបស់បក្ស និងរដ្ឋផងដែរ ។

សេចក្តីថ្លែងការណ៍បានដាក់ថា “ដោយសារគាត់ដឹងយ៉ាងច្បាស់អំពីទំនួលខុសត្រូវរបស់គាត់ចំពោះបក្ស រដ្ឋ និងប្រជាជន លោក Thuong បានដាក់សំណើ សុំលាលែងពីមុខតំណែង ហើយចូលនិវត្តន៍” ។

សូមបញ្ជាក់ថា លោក Thuong កើតនៅខែធ្នូ ឆ្នាំ១៩៧០ ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីវៀតណាមនៅថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៣ ។

លោកគឺជាសមាជិកអចិន្ត្រៃយ៍ នៃលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមបក្សពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top