ព័ត៌មានអន្តរជាតិ

លោក ហួត សេងទ្រី ដឹកនាំកិច្ចប្រជុំគណៈប្រតិភូ ទំាង២៥ រាជធានីខេត្ត និងតំណាងសហព័ន្ធ កីឡាជាតិ ត្រៀមការប្រកួតកីឡា សិស្សបឋមសិក្សា ថ្នាក់ជាតិឆ្នាំ២០២៤

ភ្នំពេញ ៖ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍ បានអញ្ជើញ ចូលរួមកិច្ចប្រជុំ គណៈប្រតិភូទំាង ២៥ រាជធានីខេត្ត និងតំណាងសហព័ន្ធកីឡាជាតិ១០ ប្រភេទកីឡាត្រៀម រៀបចំការប្រកួតកីឡា សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ រៀបចំដោយនាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៅសាលប្រជុំនាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡានិយាយថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលមានប្រតិភូ កីឡាករ-កីឡាការិនី សរុបចំនួន២៩៦០០ នាក់មកពីបណ្តារាជធានី-ខេត្ត ចំនួន២៥លើ១០ ប្រភេទកីឡា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូ-WT តេក្វាន់ដូ-ITF ប៊ូល និងប៉េតង់ គុនល្បុក្កតោ ហែលទឹក និងគុនដាវ ចំពោះទីលានមាន៥ ទីតាំង នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា វិទ្យាល័យបឹងត្របែក វិទ្យាល័យជា ស៊ីម បឹងកេងកង វិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ វិទ្យាល័យវត្តកោះ ពហុកីឡដ្ឋានជាតិ មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

លោកប្រធាន បញ្ជាក់ថា ការប្រកួតគោលបំណង បំផុសសកម្មភាព អប់រំកាយ និងកីឡាតាមគ្រឹះស្ថានសិក្សា និងនៅតាមរាជធានី-ខេត្ត ជួយឲ្យសិស្សានុសិស្ស មានសុខុមាលភាពល្អ កាយសម្បទា មំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញសំដៅដណ្ដើម បានលទ្ធផលល្អប្រសើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ ។

លោកបាន្តថា ជីវភាពរស់នៅ សុខដុមរមនា លើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសបានជា កីឡាករ-កីឡាការិនីថ្នាលល្អៗចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ត្រៀម លក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា បង្កលក្ខណៈឲ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅសង្គម ។

ក្នុងកិច្ចប្រជុំនេះ សហព័ន្ធកីឡា បាល់ទាត់កម្ពុជា សហព័ន្ធកីឡា បាល់ទះកម្ពុជា និងសហព័ន្ធកីឡាបាល់បោះកម្ពុជា បានធ្វើការចាប់ឆ្នោតចែកពូល នីមួយៗទំាងកុមារា-កុមារី ដោយមានការ ចូលរួមផ្ទាល់ពីគណៈប្រតិភូ រាជធានីភ្នំពេញ និងខេត្តកណ្តាលទៀតផង៕

Most Popular

To Top