ព័ត៌មានអន្តរជាតិ

រុស្ស៊ី លុបចោល​ព្រឹត្តិការណ៍ ​ទ្រង់ទ្រាយធំ ​ក្រោយ​ការ វាយប្រហារ​ភេរវកម្ម

Xinhua

ម៉ូស្គូ៖ បន្ទាប់ពីការវាយប្រហារ ភេរវករនៅសាលាក្រុង Crocus នៃទីក្រុងមូស្គូ ក្រសួងវប្បធម៌រុស្ស៊ី នៅថ្ងៃសៅរ៍នេះ បានប្រកាសលុបចោលនូវព្រឹត្តិការណ៍ដ៏ធំ និងការកម្សាន្តទាំងអស់ នៅស្ថាប័នវប្បធម៌សហព័ន្ធ សម្រាប់ប៉ុន្មានថ្ងៃខាងមុខនេះ។

ក្រសួងបានឲ្យដឹងថា “ព្រឹត្តិការណ៍ដ៏ធំ និងការកម្សាន្តនៅស្ថាប័នវប្បធម៌សហព័ន្ធត្រូវបានលុបចោល សម្រាប់ថ្ងៃខាងមុខនេះ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួង​ក៏​បាន​ចូលរួម​រំលែក​ទុក្ខ ​ដល់​ក្រុម​គ្រួសារ និង​មិត្តភ័ក្តិ​ នៃ​អ្នក​ដែល​បាន​ស្លាប់​នៅ​សាលា​ក្រុង Crocus។ យោងតាមទិន្នន័យបឋម ពីសេវាសន្តិសុខសហព័ន្ធរុស្ស៊ី បានឱ្យដឹងថា យ៉ាងហោចណាស់ មនុស្ស ១៥០នាក់បានស្លាប់ និងជាង ១០០នាក់បានរងរបួសបន្ទាប់ ពីការបាញ់ប្រហារនៅឯកន្លែង ប្រគុំតន្ត្រី Crocus City Hall នៅភាគពាយព្យនៃទីក្រុងម៉ូស្គូ កាលពីថ្ងៃសុក្រ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top