ព័ត៌មានអន្តរជាតិ

តុលាការស្រុក Basmanny ចេញដីកាចាប់ខ្លួនជន ជាប់ចោទទី៥ ក្នុងសំណុំរឿងវាយប្រហារ នៅសាល Crocus City Hall

ប្រភព ៖ AFP

(មូស្គូ) ៖ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Sputnik បានឲ្យដឹងថា តុលាការស្រុក Basmanny នៃទីក្រុងមូស្គូកាលពីថ្ងៃចន្ទ បានចេញដីកាចាប់ខ្លួនជនជាប់ចោទទី៥ គឺលោក Dilovar Islomov ក្នុងសំណុំរឿងពាក់ព័ន្ធនឹងការវាយប្រហារដ៏សាហាវទៅលើកន្លែងប្រគុំតន្ត្រី Crocus City Hall ក្បែរទីក្រុងមូស្គូ ។

ចៅក្រមបាននិយាយថា តុលាការបានអនុម័តសំណើរស៊ើបអង្កេត និងជ្រើសរើសវិធានការបង្ការប្រឆាំង នឹងលោក Dilovar Islomov ដោយការឃុំខ្លួនរហូត ដល់ថ្ងៃទី ២២ ខែឧសភា ។ លោក Dilovar Islomov ជាម្ចាស់រថយន្ត Renault ត្រូវបានថតដោយកាមេរ៉ា នៅកន្លែងនៃការវាយប្រហារភេរវករ ហើយក្រោយមកភេរវករត្រូវបានចាប់ខ្លួននៅតំបន់ Bryansk ក្នុងដំណើរឆ្ពោះទៅព្រំដែនអ៊ុយក្រែន ។

នេះបើយោងតាមឯកសារ បានប្រាប់ថា លោក Islomov បានលក់រថយន្តនេះ ក្នុងខែកុម្ភៈ ខណៈការធានារ៉ាប់រង សម្រាប់រថយន្តនេះ នៅតែស្ថិតក្នុងឈ្មោះ របស់លោក ហើយមិនត្រូវបានចេញវិញទេ ។

ឪពុករបស់លោក Isroil Islomov និងប្អូនប្រុស Aminchon Islomov ក៏ត្រូវបានចាប់ខ្លួនរហូតដល់ថ្ងៃទី ២២ ខែឧសភា ក្នុងសំណុំរឿងដូចគ្នានេះ ដោយ Aminchon Islomov និយាយថា លោកមិនមានកំហុសទេ នៅពេលដែលចៅក្រមសួរថា តើលោកយល់ការចោទប្រកាន់ដែរឬទេ។

លោក Dilovar និងលោក Aminchon Islomov ជាពលរដ្ឋរុស្សី ជាអ្នកបើកតាក់ស៊ី ចំណែកឪពុករបស់គេមានប័ណ្ណស្នាក់នៅក្នុងប្រទេសរុស្ស៊ី។ បន្ទាប់ពីពិនិត្យទិន្នន័យកម្រងសំណួរ តុលាការបានបិទសម័យប្រជុំពីសាធារណជន ដើម្បីសុវត្ថិភាពជនជាប់ចោទ។

កាលពីយប់ថ្ងៃអាទិត្យ តុលាការបានចាប់ខ្លួន Dalerdzhon Mirzoyev, Shamsidina Fariduni, Saidakrami Rachabalizoda និង Muhammadsobir Fayzov ។ ពួកគេទាំងអស់ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើភេរវកម្ម៕
ដោយ៖លី ភីលីព

Most Popular

To Top