ព័ត៌មានអន្តរជាតិ

ស្លាប់មនុស្ស៥នាក់ និងបាត់ខ្លួន៥នាក់ នៅក្នុងហេតុការណ៍គ្រោះបាក់ដីមួយ កើតឡើងនៅខេត្តជ្វា ខាងលិចប្រទេសឥណ្ឌូនេស៊ី

AFP

ហ្សាការតា៖ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសព ចំនួន៥នាក់ ក្នុងនោះបូករួមទាំងកុមារផងដែរ ដែលបានកប់នៅក្នុងពេល មានគ្រោះបាក់ដីកើតឡើង ដែលបានវាយប្រហារមកលើភូមិ ចំនួន២ក្នុងខេត្ត ជ្វាខាងលិច (West Java) របស់ឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ ។

គួរបញ្ជាក់ថា សាកសពទី៥ ត្រូវបានរកឃើញនៅព្រឹកថ្ងៃពុធនេះ នៅក្បែរទន្លេមួយ ចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីតាំងដែលគេស្គាល់ចុងក្រោយ របស់ជនរងគ្រោះ មុនពេលគ្រោះមហន្តរាយ ។ នេះបើយោងតាមការលើកឡើងរបស់ Supriono ប្រធានផ្នែកប្រតិបត្តិការនៃការិយាល័យស្វែងរក និងជួយសង្គ្រោះប្រចាំខេត្តខាងលើបានបញ្ជាក់ដូច្នេះ ។

ក្រៅពីអ្នកស្លាប់ មនុស្ស៥នាក់នៅបន្តបាត់ខ្លួន នៅឡើយទេ ។

បើយោងតាមអាជ្ញាធរមូលដ្ឋាន គ្រោះបាក់ដីបានបំផ្លាញផ្ទះប្រមាណ៣០ខ្នង និងកន្លែងគោរពបូជាសាសនាចំនួន២កន្លែងផងដែរ ។

នៅថ្ងៃពុធនេះ ក្រុមអ្នកជួយសង្គ្រោះបានបន្តស្វែងរកអ្នកបាត់ខ្លួន នៅតំបន់ច្រាំងថ្មដែលចោទខ្លាំង ។

ប្រទេសឥណ្ឌូនេស៊ី បានជួបប្រទះនឹងគ្រោះបាក់ដី និងគ្រោះទឹកជំនន់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះនៃរដូវវស្សា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top