រដ្ឋបាលទីក្រុង Toronto នៅប្រទេសកាណាដា កំពុងពិចារណាយកពន្ធលើទឹកភ្លៀងពីប្រជាជនខ្លួន។
កាលពីខែមីនាកន្លងទៅ រដ្ឋបាលទីក្រុង Toronto ក្រោមការដឹកនាំរបស់អភិបាលក្រុង លោកស្រី Olivia Chow កំពុងសិក្សាពីលទ្ធភាពដើម្បីពិចារណាប្រមូលថ្លៃលើបរិមាណទឹកភ្លៀង និងទឹកកករលាយដែលហូរចេញពីដំបូលផ្ទះរបស់ប្រជាជននៅទីក្រុងរបស់ខ្លួន។ គម្រោងមួយនេះមានឈ្មោះថា Stormwater Charge។ មជ្ឈដ្ឋានទូទៅមួយចំនួននៅប្រទេសកាណាដា បានហៅគម្រោងនេះថាពន្ធលើទឹកភ្លៀង។
លោកស្រី Olivia Chow អភិបាលក្រុង Toronto
យោងតាមការបកស្រាយរបស់រដ្ឋបាលទីក្រុង Toronto គម្រោងនេះត្រូវបានស្នើឡើងក្នុងការប្រមែប្រមូលធនធានបន្ថែមសម្រាប់រដ្ឋបាលក្រុង ដើម្បីកសាងហេត្ថារចនាសម្ព័ន្ធបន្ថែមដូចជាប្រព័ន្ធលូ និងប្រព័ន្ធបង្ហូរទឹកដើម្បីទប់ទល់ទៅនឹងទំហំទឹកភ្លៀង និងទឹកកករលាយនៅទីក្រុងមួយនេះដែលបង្កជំនន់ទឹកលិច ក៏ដូចជាការស្ទះប្រព័ន្ធទឹកផ្សេងៗ។ បើតាមប្រភពដដែល គម្រោងផ្ដោតគោលដៅសំខាន់ក្នុងការទៅលើរោងចក្រ និងផ្ទះធំៗដែលមានដំបូងវែង និងធំ ដែលដែលបង្កឲ្យមានការហូរទឹកភ្លៀង និងទឹកកករលាយក្នុងបរិមាណខ្ពស់។ ផ្ទះដែលមានដំបូលតូច គឺមានការយកថ្លៃតិចតួចបំផុត។
គិតមកទល់ពេលនេះ មិនទាន់មានការលើកឡើងច្បាស់លាស់ថា គម្រោងនឹងទារថ្លៃពន្ធប៉ុន្មាននោះទេ។
ក្រោយមានការដាក់ចេញគម្រោងនេះ មានការរិះគន់ជាច្រើនពីសំណាក់អ្នកនយោបាយនៅកាណាដា ក៏ដូចជាប្រជាជនទីក្រុង Toronto ផ្ទាល់ ដោយបានចោទថា រដ្ឋបាលក្រុងកំពុងរិះរកវិធីកំណត់ពន្ធថ្មីលើប្រជាជន ដោយទីក្រុងនេះមានអត្រាពន្ធខ្ពស់រួចទៅហើយ។
ទោះជាយ៉ាងណា គម្រោងពន្ធលើទឹកភ្លៀងនេះ មិនទាន់ចូលជាធរមាននៅឡើយ ដោយកំពុងស្ថិតនៅដំណាក់កាលពិភាក្សាគ្នា។ ការវិភាគមួយចំនួនបានលើកឡើង គម្រោងនេះអាចមិនទៅមុខឡើយ ដោយមានការប្រឆាំងយ៉ាងខ្លាំងពីអ្នកនយោបាយបក្សជំទាស់ ព្រមទាំងម្ចាស់រោងចក្រ និងផ្ទះធំៗ។ នេះមិនមែនលើកទី ១ ឡើយដែលរដ្ឋបាលក្រុងបានស្នើគម្រោងពន្ធមួយនេះ។ កាលពី ២០១៧ មានការលើកឡើងសំណើពីរដ្ឋបាលម្ដងរួចហើយទាក់ទងនឹងពន្ធមួយនេះ តែត្រូវបានជំទាស់យ៉ាងខ្លាំងនាពេលនោះ៕