ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារសន្តិសុខ រុស្ស៊ី ៖ ជនសង្ស័យត្រូវឃុំខ្លួន នៅ Caucasus មានជាប់ពាក់ព័ន្ធ នឹងការវាយប្រហារ ក្រុងម៉ូស្គូ

japanToday

មូស្គូ ៖ ទីភ្នាក់ងារសន្តិសុខកំពូល របស់រុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានបំបែកនូវអ្វីដែលខ្លួនហៅថា “កោសិកាភេរវករ” នៅភាគខាងត្បូង ប្រទេសរុស្ស៊ី ដោយសមាជិក របស់ពួកគេបានផ្តល់អាវុធ និងលុយកាក់ដល់ក្រុមអ្នកវាយប្រហារ ដែលសង្ស័យ នៃសាលប្រគុំតន្ត្រីនៅទីក្រុងមូស្គូ ។

សេវាសន្តិសុខ សហព័ន្ធ ឬ FSB បាននិយាយ កាលពីថ្ងៃអាទិត្យថា ខ្លួនបានឃុំខ្លួនសមាជិកសង្ស័យ ៤ នាក់នៃកោសិកាក្នុងខេត្ត Dagestan នៃប្រទេសរុស្ស៊ីនៅ Caucasus ខាងជើង ។ ទីភ្នាក់ងារនេះបានចោទប្រកាន់ថា ជនសង្ស័យត្រូវបានឃុំខ្លួន នៅទីក្រុង Dagestan មានជាប់ពាក់ព័ន្ធ ក្នុងការផ្តល់មូលនិធិ និងផ្តល់អាវុធដល់ខ្មាន់កាំភ្លើង ដែលបានវាយប្រហារ សាលប្រគុំតន្ត្រីនៅគែមខាងលិច នៃទីក្រុងមូស្គូកាលពីថ្ងៃទី ២២ ខែមីនា ដោយបានសម្លាប់មនុស្ស ១៤៤ នាក់ នៃការវាយប្រហារដ៏សាហាវបំផុត លើដីរុស្ស៊ីក្នុងរយៈពេល ២ ទសវត្សរ៍ ។

FSB បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកសកម្មប្រយុទ្ធ ត្រូវបានឃាត់ខ្លួន បានចូលរួមដោយផ្ទាល់ក្នុងការផ្តល់ ហិរញ្ញប្បទានដល់ជនល្មើស នៃការវាយប្រហារភេរវកម្មថ្ងៃទី ២២ ខែមីនា នៅសាលប្រគុំតន្ត្រីក្នុងទីក្រុងមូស្គូ និងផ្តល់ឲ្យពួកគេនូវ មធ្យោបាយភេរវកម្ម ។
ជនសង្ស័យម្នាក់ ដែលត្រូវបានឃុំខ្លួនក្នុងទីក្រុង Dagestan បានសារភាពថា បាននាំយកអាវុធផ្ទាល់ខ្លួនទៅឲ្យអ្នកវាយប្រហារ នៅទីក្រុងម៉ូស្គូ។
FSB បានចេញផ្សាយវីដេអូមួយ បង្ហាញពីជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យ និយាយថា ពួកគេក៏មានគម្រោងវាយប្រហារ នៅទីក្រុង Kaspiysk ក្នុងទីក្រុង Dagestan ផងដែរ ។ គេមិនដឹងច្បាស់ថាតើចម្លើយសារភាព ទាំងពីរនេះមកពីមនុស្ស តែមួយឬអត់នោះទេ ។

ភ្នាក់ងារបានបន្តថា ជនសង្ស័យជាជនបរទេស ដោយមិនបានបញ្ជាក់ពីសញ្ជាតិរបស់ខ្លួន ។ ជនជាប់សង្ស័យ វាយប្រហារសាលប្រគុំ តន្ត្រីក្រុងមូស្គូត្រូវបានចាប់ខ្លួនប៉ុន្មានម៉ោង បន្ទាប់ពីការវាយឆ្មក់កាលពីថ្ងៃទី ២២ ខែមីនា គឺជាពលរដ្ឋនៃប្រទេសអាស៊ីកណ្តាលនៃប្រទេសតាជីគីស្ថាន។
ការឃាត់ខ្លួនជនសង្ស័យចំនួន ៤ នាក់នៅទីក្រុង Dagestan បន្ទាប់ពីការចាប់ខ្លួនជនសង្ស័យខ្មាន់កាំភ្លើង ៤ នាក់ និង៧ នាក់ផ្សេងទៀតត្រូវបានចោទ ប្រកាន់ពីបទជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ ។ សាខាមួយរបស់ក្រុមរដ្ឋឥស្លាមបានអះអាង ទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់ថា «ពួកអ៊ិស្លាមជ្រុលនិយម» បានធ្វើការវាយឆ្មក់ ប៉ុន្តែបានចោទប្រកាន់ ដោយមិនផ្តល់ភស្តុតាង ថា អ៊ុយក្រែន និងលោកខាងលិចមានជាប់ពាក់ព័ន្ធ បើទោះបីជាទីក្រុង Kyiv មានការបដិសេធយ៉ាងខ្លាំងក្លាក៏ដោយ ។

កាលពីថ្ងៃចន្ទ តុលាការ ក្រុងមូស្គូបានបញ្ជាឲ្យជនជាប់សង្ស័យដែលសមគំនិត នៃអ្នកវាយប្រហារដាក់ពន្ធនាគាររយៈពេល ២ ខែក្នុងការឃុំខ្លួន បណ្តោះអាសន្ន។ សារព័ត៌មានរុស្ស៊ីបាននិយាយថា ជនសង្ស័យ Yakubjoni Yusufzoda ជាជនជាតិតាហ្ស៊ីគីស្ថាន ត្រូវបានចោទប្រកាន់ថា បានផ្តល់ប្រាក់សម្រាប់កន្លែងស្នាក់នៅ សម្រាប់ខ្មាន់កាំភ្លើង ។

របាយការណ៍បាននិយាយថា លោកត្រូវបានឃុំខ្លួនរយៈពេល ៤ ថ្ងៃបន្ទាប់ពីការវាយប្រហារ ហើយត្រូវជាប់គុកពីបទ មិនគោរពតាមប៉ូលីស ប៉ុន្តែឥឡូវនេះ ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើភេរវកម្មធ្ងន់ធ្ងរ។ គាត់ជាជនទី១០ ត្រូវចោទប្រកាន់ក្នុងសំណុំរឿងនេះ ៕
ដោយ៖លី ភីលីព

Most Popular

To Top